ពេលនេះក្រុម ISIS កំពុងភៀសខ្លួនពីស៊ីរីឆ្ពោះទៅកាន់តំបន់មួយនៅអ៊ីរ៉ាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2019 ក+ ក-

អាមេរិក ៖ យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយសារព័ត៌មានអាមេរិក NBC បានឲ្យដឹងថា ពេលនេះក្រុមសកម្មប្រយុទ្ធរបស់ ISIS បាននិងកំពុងភៀសខ្លួនពីទឹកដីស៊ីរី ឆ្ពោះទៅកាន់តំបន់ប្រជុំភ្នំមួយ ស្ថិតនៅក្នុងទឹកដីតាមព្រំដែនរបស់អ៊ីរ៉ាក់ ដែលជាកន្លែងគ្មានអាជ្ញាធរគ្រប់គ្រងនោះឡើយ។

ព័ត៌មានដែលទទួលបានពីក្រុមឃើដខាងលើនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេមានផ្លូវក្រោមដី និងរូងភ្នំមួយចំនួននៅទីនោះ ហើយពួកគេកំពុងតែចល័តទៅកាន់តំបន់នោះ ជាពិសេសគឺនៅពេលយប់តែម្តង។ បណ្តាញរបស់ក្រុមឃើដ បានឃើញសកម្មភាពចល័តរបស់ក្រុម ISIS ដោយមានទាំងការជិះម៉ូតូ និងរថយន្តភីកអាប់យ៉ាងច្រើន…»។

បើតាមក្រុមអ្នកតាមដានរបស់អាមេរិកបានអះអាងថា ក្រុម ISIS ខាងលើនេះទំនងជាចង់ស្វែងរកទីតាំង ដ៏សុវត្ថិភាពមួយ ដើម្បីរៀបចំយុទ្ធសាស្ត្រឡើងវិញ ក្រោយពីការបាត់បង់ឥទ្ធិពលជាថ្មីម្តងទៀតនៅស៊ីរី និងការផ្តាច់ជីវិតមេដឹកនាំកំពូល លោក អាប៊ូ បាកឺ អាល់បាកដាឌី ដោយក្រុមវាឆ្មក់របស់សហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្តាហ៍មុន៕