ផ្ទុះការវាយប្រហារ​​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ សម្លាប់​មនុស្ស​​១៥​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2019 ក+ ក-

បាងកក ៖ អ្នកនាំពាក្យ​កងទ័ព​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា មនុស្ស​យ៉ាងតិច​១៥​នាក់​ត្រូវបាន​សម្លាប់​និង​៤​នាក់​ទៀត​រងរបួស​នៅក្នុង​ការវាយប្រហារ​រ​បស់​ពួក​ឧទ្ទាម​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​ដែល​នេះ​ជាហេតុ​ការណ៍​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។

​អ្នកនាំពាក្យ​កងទ័ព​ភាគខាងត្បូង​លោក Pramote Prom-in បាន​ប្រាប់ AFP ថា នៅ​យប់​ថ្ងៃ​អង្គារ ក្រុម​សកម្មប្រយុទ្ធ​បាន​វាយប្រហារ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​ពីរ​កន្លែង​ក្នុង​ខេត្ត យ៉ា​ឡា ដែល​កាន់កាប់​ដោយ​ក្រុម​អ្នកស្ម័គ្រចិត្ត​ការពារ​ស៊ីវិល​ដោយបាន​បើក​ការបាញ់ប្រហារ​ទៅលើ​ពួកគេ​នៅពេល​អ្នកភូមិ​មួយក្រុម​បាន​បញ្ឈប់​ដើម្បី​សាកសួរ​។​

​លោក Pramote បាន​និយាយថា “​មនុស្ស​ចំនួន​១២​នាក់​ត្រូវបាន​សម្លាប់​នៅនឹងកន្លែង​ហើយពីរ​នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ​ខណៈ​ម្នាក់ទៀត​បាន​ស្លាប់​នៅ​ព្រឹក​នេះ​”​។ លោក​បន្ថែមថា ពួក​ឧទ្ទាម​បាន​យក​កាំភ្លើង M-16 និង​កាំភ្លើង​ស្នប់​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​។​លោក​បន្តថា តំបន់​ជុំវិញ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ត្រូវបាន​បិទ​ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ខាង​កោសល្យ​វិ​ច្ច័​យ​។​

​គួរ​បញ្ជាក់ថា អំពើហិង្សា​កាលពី​ថ្ងៃ​អង្គារ​បានកើត​ឡើង​ប៉ុន្មាន​ខែ​បន្ទាប់ពី​ការស្លាប់​របស់​បុរស​មូ​ស្លី​ម​ម្នាក់​ឈ្មោះ Abdulloh Esormusor ដែល​បាន​សន្លប់​បាត់ស្មារតី​បន្ទាប់ពី​ត្រូវបាន​សួរចម្លើយ​នៅឯ​មណ្ឌល​ឃុំឃាំង​ដ៏​ល្បីល្បាញ​របស់​ថៃ​។​

​ជនសង្ស័យ​តែងតែ​ត្រូវបាន​គេ​យកទៅ​សួរចម្លើយ​និង​ឃុំខ្លួន​ក្រោម​ច្បាប់​គ្រាអាសន្ន​នៅក្នុង​មណ្ឌល​ឃុំឃាំង​ដែលជា​កន្លែង​ក្រុម​សិទ្ធិមនុស្ស​បាន​ចងក្រង​ឯកសារ​អំពី​ការធ្វើ​ទារុណកម្ម​។ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការឃុំខ្លួន​របស់លោក Abdulloh, មនុស្ស​បួន​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ពេលយប់​លើ​ទីបញ្ជាការ​យោធា​មួយកន្លែង​ដែល​បង្ក​ឲ្យ​មានការ​រំពឹងទុក​អំពី​ប្រតិបត្តិការ​សងសឹក​។​

​មួយ​សប្តាហ៍​ក្រោយមក គ្រាប់បែក​តូចៗ​ជាច្រើន​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​បាងកក​ដោយ​បណ្តាល​ឲ្យ​មនុស្ស​បួន​នាក់​រងរបួស ​ខណៈពេល​ទីក្រុង​នេះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​៕