មេប៉ូលិស​កម្ពុជា និង​ទូត​អង់គ្លេស ជួប​ពិភាក្សា​គ្នា​ក្រោយ​មាន​ករណី​ស្លាប់​នារី​អង់គ្លេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2019 ក+ ក-

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិបាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោកស្រី Tina Redshaw កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅក្នុងជំនួប លោកស្រី Tina Redshaw បានថ្លែងអំណរគុណអគ្គស្នងការនគរបាលជាតិ ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងនោះរួមមានការចូលរួមពីកងកម្លាំងនគរបាល ខេត្តព្រះសីហនុផងដែរ ក្នុងការជួយរកសាកសព​នារី​ជាតិអង់គ្លេសអាយុ២១ឆ្នាំឈ្មោះ Amelia Bambridge ដែលបានបាត់បង់ជីវិតដោយការលង់ទឹក។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់ជីវិតនារីទេសចរជនជាតិអង់គ្លេសនេះ និងបានថ្លែងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព​ផងដែរ។

ក្នុង​ជំនួបនេះដែរ លោកស្រីឯកអគ្គរាជទូត បានស្នើអគ្គស្នងការនគរបាលជាតិ ជួយផ្តល់បទពិសោធន៍ខ្លះពាក់ព័ន្ធករណីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបញ្ហាគ្រឿងញៀន, បញ្ហាអំពើរត់ពន្ធជួញដូរមនុស្សឆ្លងដែន និងបទល្មើសបច្ចេកវិទ្យាផងដែរ។

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអង់គ្លេស ជុំវិញកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលជាតិកម្ពុជាជាមួយនឹងក្រុមប្រឆាំងឧក្រិដ្ឋកម្មជាតិអង់គ្លេស NCA (National Crime Agency) បទពិសោធន៍នៃការបង្ក្រាបគ្រឿងញៀនរួមទាំងការបញ្ជាក់នូវប្រភពនាំចូល និងលំហូរឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេស ទី៣ថែមទៀត ដោយកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះនៃ ការប្រើប្រាស់គ្រឿងញៀន។ ដោយឡែកបទពិសោធន៍បង្ក្រាបករណីជួញដូរមនុស្ស និងបញ្ហាបទល្មើសឧក្រិដ្ឋបច្ចេកវិទ្យា ដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនាបច្ចុប្បន្ននេះផងដែរ៕