អភិបាលខេត្តជួបសំណេះសំណាលជាមួយ នាយ ទាហាន និងកងរាជអាវុធហត្ថខេត្តកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា កងកម្លាំង ប្រដាប់អាវុធទាំងអស់គឺអព្យាក្រឹតចំពោះគណបក្សនយោបាយ តែមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាល ស្របច្បាប់។ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយនាយ ទាហាន នាយទាហាន រង កងរាជអាវុធហត្ថនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមនារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្តបានថ្លែងថា ការជួបជុំគ្នា នាពេលនេះ គឺដើម្បីបានត្រួតពិនិត្យកងកម្លាំងក្នុងការត្រៀមបង្ការលើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនខេត្តកំពង់ចាមនាពេលខាងមុខ។ ដូច្នេះក្នុងនាមកងកម្លាំងត្រូវយកចិត្តទុកដាក់ក្នុងការ អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដើម្បីការពារសន្តិសុខជាតិ និងប្រជាជន ព្រមទាំងក្ដាប់ឲ្យបាននូវព័ត៌មានទាំងឡាយឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការអន្តរាគមន៍ទប់ស្កាត់នូវរាល់បាតុភាពទាំងឡាយ ដែលបង្កឲ្យអស្ថេភាពដល់សង្គមជាតិ។ ក្រៅពីនោះកងកម្លាំងទាំងអស់ត្រូវអនុវត្តឲ្យបាននូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដើម្បីការពារនូវភាពសុខសាន្តជូនសង្គមជាតិ និងប្រជាពលរដ្ឋ ផងដែរ ព្រោះថា កងកម្លាំងប្រដាប់អាវុធទាំងអស់គឺអព្យាក្រឹតចំពោះគណបក្សនយោបាយ តែមាន កាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។

លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម  បាន ឲ្យដឹង ថា  សកម្មភាពពង្រឹងការអនុវត្តច្បាប់  ក្នុងរយៈពេល ០៩ ខែកន្លងទៅនេះ អង្គភាពកងរាជអាវុធហត្ថខេត្តបានយកចិត្តទុកដាក់ខ្ពស់ ដោយសហការ  ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម  អនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស  បានចំនួន១៥៦លើក ក្នុងនោះមាន  បង្ក្រាបបទល្មើសគ្រឿងញៀន១៩លើក រំលោភសេពសន្ថវៈចំនួន១៧លើក ប៉ុនប៉ងមនុស្សឃាតចំនួន០៤លើក ឃាតកម្មចំនួន០៦លើក លួចចំនូន៤៨លើក ឆបោក ចំនួន០៤លើក ឆក់ចំនួន០៨លើក ហឹង្សាចំនួន៤៦លើក និងបំផ្លិតបំផ្លាញ០៤លើក ។  ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥៧នាក់ បញ្ជូនទៅតុលាការ ៥៦នាក់ និង អប់រំអោយទៅមណ្ឌលចំនួន ១នាក់  ព្រមទាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌ស ១១៧កញ្ចប់ មានទម្ងន់ ២៤៣,៨៧ ក្រាម  ផងដែរ ។

លោកឧត្ដមសេនីយ៍បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្លាំងកងរាជអាវុធហត្ថខេត្តបាននិងកំពុងត្រៀមកម្លាំង មធ្យោបាយគ្រឿបំពាក់ដើម្បីទប់ស្កាត់បង្ក្រាបរាល់សកម្មភាពទាំងឡាយរបស់ពួកក្រុមឧទ្ទាមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏បានផ្ដល់ជូនមីចំនួន២០០កេស និងថវិកា៥លានរៀល សម្រាប់ផ្គត់ផ្គង់ក្នុងពេលចុះប្រតិបត្តិការផងដែរ៕ ដោយ ៖ ប៉ែន សុផល