៣ថ្ងៃ នៃព្រះរាជ​ពិធីបុណ្យ​អុំទូក​ប្រជា​ពលរដ្ឋ​ និង​ភ្ញៀវទេសចរចូលរួម​ទស្សនា និងកម្សាន្ត​ជិត​៥​លាន​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2019 ក+ ក-

ភ្នំពេញ ​៖ នៅក្នុង​ឱកាស​ថ្ងៃ​ឈប់​សំរាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​ អកអំបុក និង​សំពះ​ព្រះ​ខែ​ រយៈពេល​៣​ថ្ងៃ​ ពោលគឺ​ចាប់ពី​ថ្ងៃទី​១០ ​ដល់​ថ្ងៃទី​១២​ ខែ វិច្ឆិកា​នេះ ​គឺមាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូល​ទស្សនា​មាន​ប្រមាណ​ជិត​៥​លាន​នាក់​ កើន​លើស​ឆ្នាំ​២០១៨​ ប្រមាណ​ជិត​១០%​។ នេះបើតាម​របាយការណ៍​រប​ស់​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ។

​របាយការណ៍ដដែលបញ្ជាក់ថា នៅ​ថ្ងៃទី​១​ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក មាន​ភ្ញៀវ​ចូល​ទស្សនា​ប្រមាណ​៥៥​ម៉ឺន​នាក់ ​ថ្ងៃទី​២ មាន​ប្រមាណ​១​លាន ​៥​សែន​នាក់ និង​ថ្ងៃទី​៣ ​គឺមាន​២លាន ៧សែននាក់។

ដោយឡែក​សម្រាប់​វេទិកា ដែល​គណៈកម្មការ​បុណ្យជាតិ​រៀបចំ​ជូន​សម្រាប់​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​អង្គុយ​ទស្សនាការ​ប្រណាំង​ទូករ​យៈ​ពេល​បី​ថ្ងៃនេះ​គឺមាន​ភ្ញៀវទេសចរ​បរទេស​ចេញចូល​ទស្សនា​មាន​ចំនួន​ប្រមាណ​ជិត​៩​ពាន់​នាក់​ ហើយ​ភ្ញៀវ​ដែល​ចូលរួម​ទស្សនា​គឺ​មាន​មួយចំនួន​មកពី​ប្រទេស​បារាំង អង់គ្លេស ចិន ជប៉ុន អ៊ី​ស្រា​អ៊ែ​ល និង​អូស្ត្រាលី​ជាដើម​៕