រាជរដ្ឋាភិបាលអំពាវនាវឱ្យពលរដ្ឋដែលចាញ់បោកក្រុមឧទ្ទាម វិលត្រឡប់ចូលប្រទេសវិញ ដោយមិនយកទោសពៃរ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2019 ក+ ក-

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ដែលចាញ់បោកឧបាយកលក្រុមឧទ្ទាម ឱ្យវិលត្រឡប់ចូលមាតុប្រទេសវិញ ដោយមិនមានទោសពៃរ៍ ដើម្បីរួមរស់ជាមួយក្រុមគ្រួសារ ក្រោមដំបូលនៃសុខសន្តិភាព បន្ទាប់ពីផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំដោយមេឧទ្ទាម សម រង្ស៉ី បានបរាជ័យទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាពេលកន្លងទៅថ្មីៗនេះ ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី បានកំណត់យកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំថ្ងៃនៃការប្រារព្ធខួបអនុស្សារីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ បានទទួលបរាជ័យទាំងស្រុង ខណៈសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស៕