ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីពសម្លាប់មនុស្ស១៥នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2019 ក+ ក-

ហ្គាហ្សា ៖ ជនជាតិប៉ាឡេស្ទីនចំនួន០៣នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅថ្ងៃពុធម្សិលមិញ នៅក្នុងវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីព (Gaza Strip) ដែលជាហេតុធ្វើឲ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងការបាញ់ផ្លោងដាក់គ្នា គិតចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះបានកើនដល់ចំនួន១៥នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្រសួងសុខាភិបាលហ្គាហ្សាបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មាននានាថា យុវជនវ័យក្មេងប៉ាឡេស្ទីនចំនួន ០៣នាក់បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីគ្រាប់ផ្លោងរបស់អ៊ីស្រាអែល ធ្លាក់ចំទីកន្លែងដែលពួកគេស្ថិតនៅតែម្តង នៅតំបន់ភាគកណ្តាលទីក្រុងហ្គាហ្សា កាលពីពេលព្រឹកថ្ងៃពុធនេះ។

សូមជម្រាបថា ជម្លោះរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងប្រទេសអ៊ីស្រាអែល បានអូសបន្លាយពីរថ្ងៃមកហើយ បន្ទាប់ពីប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែលបានផ្តាច់ជីវិត មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hamas ឈ្មោះ បាហា អាប៊ូ អាល់អាតថា (Baha Abu Al-Atta) នៅតំបន់ Gaza Strip។ ប្រការនេះបានបណ្តាលឲ្យមានការវាយប្រហារសងសឹក ដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុម Hamas៕