រដ្ឋមន្រ្តីទេសចរណ៍អំពាវនាវ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំ​ដំឡើងថ្លៃ​សេវា ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2019 ក+ ក-

ខេត្ត​កំពត ៖ គណៈកម្មការ​អន្តរក្រសួង កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានរៀបចំ​កិច្ចប្រជុំ ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​, លោក​អភិបាល ខេត្តកំពត ព្រមទាំង​មានការ​ចូលរួម​ពី​អនុប្រធាន សមាជិក​គណៈ កម្ម​ការ និង​មន្ត្រីរាជការ ពាក់ព័ន្ធ​។ កិច្ចប្រជុំ​នេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​សាលា​ខេត្តកំពត។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ ដំណើរការ​រៀបចំ​កិច្ចការងារ​នានា សម្រេចបាន​ប្រមាណ​ជាង ៨០% ហើយ ក្នុងនោះ​មាន ដូចជា​កិច្ច​ការតុបតែង​លម្អ​តាម ទីសាធារណៈ សួនច្បារ ការជួសជុល​ហេ​ដ្ឋា​រចនា​សម្ពន្ធ ផ្លូវថ្នល់ ការបំពាក់​និង​បន្ថែម​ភ្លើង បំភ្លឺ​ក្នុង​ទីក្រុង ការរៀបចំ​វិថី​ម្ហូបអាហារ (Food Street) ការរៀបចំ​គោលដៅ​ទេសចរណ៍ នានា​ជុំវិញ​ខេត្ត ពិសេស​តាម​ព្រែក​ទឹកឈូ ឬ​ព្រែក​កំពង់បាយ ភ្នំ​បូកគោ ស្រែអំបិល តំបន់​ក​សិ​ទេសចរណ៍​ចម្ការ​ម្រេច តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សហគមន៍​ទេសចរណ៍ មួយចំនួន ព្រមទាំង​គោលដៅ​ទេសចរណ៍​នៅ​ខេត្ត​កែប​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ពី​បញ្ហា​ផ្លូវ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​មក កាន់​ខេត្ត កំពត និង​ពី​ខេត្តកំពត​ទៅកាន់​គោលដៅ​នានា​មួយចំនួនទៀត ដោយ​លោក​បាន ស្នើ​អាជ្ញាធរ ខេត្ត មន្ទីរ និង​ក្រសួង​សាធារណការ ជួយ​ព​ន្លឿ​ន​ការជួសជុល​ផ្លូវជាតិ​លេខ​៣ លេខ​៣៣ និង​ផ្លូវ​នានា​ជាច្រើន​ទៀត យ៉ាងហោចណាស់​ក៏​សុំ​រៀបចំ​ត្រឹម​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ធ្វើដំណើរ​បាន​សមរម្យ នៅមុន​ពេល​បុណ្យ​សមុទ្រ​មកដល់​។​

​ទន្ទឹម​នោះ​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ ដ្ឋា​ន អាហា​រដ្ឋា​ន​ទាំងអស់​ក្នុង​ខេត្តកំពត សូមកុំ​មានការ​ដំឡើងថ្លៃ​សេវា និង​ទំនិញ​របស់ខ្លួន ថ្លៃ​ហួសហេតុ​ពេក ពិសេស​ត្រូវ​បើក​ឱ្យមាន​ការទទួល​ការ​កក់​កន្លែង​ស្នាក់នៅ​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ ក្រុមមន្ត្រី​ដែល​ចូលរួម​រៀបចំ​ពិធីបុណ្យ សមុទ្រ ក្រុម​សិល្បករ កីឡាករ​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​នូវ​ក្តី​រំពឹងទុក​ថា ភ្ញៀវទេសចរ​ដែល​នឹង​មក​ចូលរួម​លេង កម្សាន្ត​ក្នុង ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ខាងមុខនេះ នឹងមាន​ចំនួន​ច្រើន​កុះករ​ជាង​ឆ្នាំ​កន្លង ទៅ ខណៈ​ប្រទេសជាតិ​កំពុងមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់ វិស័យ ខណដែល​ប្រជាពលរដ្ឋ​ក៏​កាន់​តែមាន​ភាព​ជីវភាព​ធូរធារ និង​ចង់​ចេញ​ដើរ​កម្សាន្ត កាន់តែច្រើន ឡើងៗ​។​

​សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត នឹង​ប្រារព្ធ​ធ្វើឡើង​រយៈ ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០-២២ ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​៕