តុលាការ​សម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2019 ក+ ក-

​ភ្នំពេញ ៖ តាម​ព័ត៌មាន​ទទួលបាន​នៅថ្ងៃនេះ​បញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានី​ភ្នំពេញ បានសម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា ក្រោយ​ដំណើរការនីតិវិធី​ជាង​២​ឆ្នាំ​កន្លងទៅ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​អំពី​ការសម្រេច​បិទ​ការ​ស៊ើប សួរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ ។

​សូម​ជំរាប​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ក្បត់ជាតិ​» ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ត្រូវបាន​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​មួយ​ដែល​លោក​និយាយថា លោក​អនុវត្តតាម​ការណែនាំ​ពី​បរទេស ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ប្រទេស​ស៊ែ​ប៊ី​។​

​ប៉ុន្តែ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​សម្រេច​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល ប៉ុន្តែ​ទទួលបាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​ការ៕