អូស្ត្រាលីប្តេជ្ញាបន្តជួយដល់ការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2019 ក+ ក-

ភ្នំពេញ ៖​ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃការប្តេជ្ញាចិត្ត រវាងអាជ្ញាធរមីន អង្គការ UNDP និងប្រទេសអូស្រ្តាលី សម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ២០២០-២០២៥។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន ដោយមានកិច្ចសហប្រតិបត្តិការពីអង្គការ UNDP ប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ ដែលបានចូលរួមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា តាមរយៈ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (Clearing For Results) និងបន្តប្តេជ្ញាជួយដល់កម្ពុជាបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណប្រកបដោយការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រទេសអូស្រ្តាលី និងអង្គការ UNDP ក៏ដូចជាប្រទេសម្ចាស់ជំនួយដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ការជួយសង្រ្គោះជនរងគ្រោះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ តាមរយៈការងារបោសសម្អាតមនុស្សធម៌នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនដល់់ដៃគូអភិវឌ្ឍន៍ និងប្រទេសម្ចាស់ជំនួយថា ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អាចដំណើរការពេញលេញ បន្ទាប់ពីកម្ពុជា បានបញ្ចប់នូវសង្រ្គាមដែលអូសបន្លាយរាប់ទស្សវត្សរ៍ និងទទួលបាននូវសុខសន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយសុខសន្តិភាពនេះ ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ការអភិវឌ្ឍ និងការស្តារឡើងវិញរបស់ប្រទេសជាតិ ផងដែរ ក្នុងនោះការបោសសម្អាតមីន ត្រូវបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចគាំពារដល់សន្តិភាព។

សូមជម្រាបថា ចាប់ពីឆ្នាំ២០០៦-២០១៩ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ការបោសសម្អាតមីន បានផ្ទៃដីទំហំប្រមាណ ២៣៩ គីឡូម៉ែត្រក្រឡា និងចំណាយថវិកាប្រមាណជាង ៦៣ លានដុល្លារអាមេរិក៕