ចិនកំពុងពិភាក្សាស៊ីជម្រៅជាមួយអាមេរិកស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2019 ក+ ក-

បរទេស ៖ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងធ្វើការពិភាក្សាស៊ីជម្រៅ  លើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ហើយការលុបចោលពន្ធ  គឺជាលក្ខខណ្ឌសំខាន់មួយ  ដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួង លោក ហ្គៅ ហ្វេង  បាននិយាយក្នុងសន្និសីទសារព័ត៌មានថា កំរិត នៃការលុបចោលពន្ធ គួរតែឆ្លុះបញ្ចាំងយ៉ាងពេញលេញ ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងដំណាក់កាលទី ១។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន  គឺជិតសំរេចដល់គោលដៅហើយ ប៉ុន្តែលោក មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះ ទេ ហើយបានព្រមានថា លោកនឹងតម្លើង ពន្ធ យ៉ាងច្រើន លើទំនិញចិន  ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើង។

ដោយគូសបញ្ជាក់ពីស្ថានភាពមិនចេះចប់ នៅក្នុងសង្រ្គាមពាណិជ្ជកម្មដែលមានរយៈពេល ១៦ ខែ  មន្ត្រីមកពីភាគីទាំងពីរ បាននិយាយកាលពីសប្តាហ៍មុនថា  ពួកគេមានកិច្ចព្រមព្រៀងដើម្បីដកពន្ធ  អោយតែលោកត្រាំ  បដិសេធនូវកិច្ចព្រមព្រៀងណាមួយដែល បានព្រមព្រៀងគ្នា ប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក  ត្រាំ បានដាក់ពន្ធលើទំនិញចិន តំលៃរាប់ពាន់លានដុល្លារ ដើម្បីបង្ខំឱ្យមានការផ្លាស់ប្តូរសំខាន់ៗ  នៅក្នុងគោលនយោបាយពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ប្រទេសចិន។

រដ្ឋបាលសហរដ្ឋអាមេរិក កំពុងទាមទារឱ្យប្រទេសចិន បញ្ឈប់ការលួច និងការផ្ទេរកម្មសិទ្ធិបញ្ញាអាមេរិកដោយបង្ខំ  និងទប់ស្កាត់ការឧបត្ថម្ភធនដល់សហគ្រាស ដែលគ្រប់គ្រងដោយរដ្ឋ  ខណៈដែលបើកអោយក្រុមហ៊ុនសហរដ្ឋអាមេរិក ចូលទៅកាន់ទីផ្សារប្រទេសចិន បន្ថែមទៀត៕