ក្រុមបាតុករគាំទ្រចិនគ្រោងប្រមូលផ្តុំគ្នាថ្កោលទោសអំពើហិង្សានៅក្នុងទីក្រុងហុងកុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2019 ក+ ក-

ចិន ៖ ក្រុមបាតុករគាំទ្រចិនគ្រោងនឹងប្រមូលផ្តុំគ្នានៅទីក្រុងហុងកុងនៅថ្ងៃសៅរ៍នេះ ដើម្បីសម្តែងការថ្កោលទោសចំពោះការរំជើបរំជួលប្រឆាំងនឹងរដ្ឋាភិបាលដែលមានអំពើហិង្សាកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងដែលបានក្លាយជាគោលដៅសំខាន់នៃការវាយប្រហារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងហុងកុង ដែលជាអតីតដែនដីអាណានិគមរបស់អង់គ្លេសបានធ្លាក់ចូលក្នុងភាពវឹកវរអស់រយៈពេល​ច្រើនជាង៥ខែ មកហើយ ដោយបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារនូវអ្វី ដែលពួកគេហៅថា សេរីភាព ប្រជាធិបតេយ្យពេញលេញ ព្រមទាំងការស៊ើបអង្កេតលើប៉ូលិសប្រើប្រាស់ហិង្សា បើទោះជាសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានលុបចោលក៏ដោយ។

ក្រុមបាតុករគាំទ្រទីក្រុងប៉េកាំង ធ្លាប់បានប្រមូលផ្ដុំគ្នាជាច្រើនលើក តែមានចំនួនអ្នកចូលរួមតិចជាងក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី Carrie Lam និងរដ្ឋាភិបាលកុម្មុយនីស្ដចិន។ ប៉ុន្តែ អ្វីដែលគេព្រួយបារម្ភ​នៅពេលនេះ នោះគឺខា្លចក្រុមបាតុករទាំងពីរប៉ះទង្គិចដោយហិង្សា ដែលអាចនឹងធ្វើឱ្យស្ថានភាពកាន់តែវឹកវរ ឬក៏ជំរុញឱ្យទីក្រុងប៉េកាំង ប្រើប្រាស់កម្លាំងបាយជាជម្រើសចុងក្រោយ ដើម្បីដោះស្រាយបញ្ហា៕