មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យព្យាបាលជំងឺកុមារជាង៨៧ម៉ឺននាក់ រយៈពេល១០ខែ ឆ្នាំ២០១៩នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ពោលគឺចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះមន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យ-ព្យាបាលជំងឺជូនដល់កុមារចំនួន ៨៧៥,២០៨នាក់ ដែលក្នុងចំណោមនោះ កុមារមានជំងឺធ្ងន់ៗមានចំនួន ១៨៨,៧៦៤នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើនឡើង១៧% បើធៀបនឹងឆ្នាំ២០១៨)។ នេះតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា។

របាយការណ៍បានបបញ្ជាក់ថា កុមារចំនួន ៣៣,៨៥៦នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយអត្រាមរណៈ ០.១០% (ក្នុងឆ្នាំ២០១៨ មានចំនួន ១៤,៦១៥នាក់)។ កុមារចំនួន២៣,០០០នាក់ ត្រូវបានទទួលការវះកាត់ ដូចជាវះកាត់បេះដូង និងត្បិតប្រហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន ៨៤១នាក់។

នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ១៤៥,២១៥នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ២៣,៨៨៤នាក់។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា៕