មនុស្ស៧នាក់ស្លាប់ និង២៥នាក់របួស ក្នុងករណីផ្ទុះបំពង់ឧស្ម័ននៅបង់ក្លាដែស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2019 ក+ ក-

បង់ក្លាដែស ៖ ប៉ូលិសបង់ក្លាដែសបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន៧នាក់បានបាត់បង់ជីវិត និងប្រមាណជា២៥នាក់​ទៀតបានទទួលរងរបួស ក្រោយមានករណីផ្ទុះបំពង់ឧស្ម័ន នៅតំបន់ភាគអាគ្នេយ៍ប្រទេស។ នេះបើតាមសារព័ត៌មាន ABC News។

ប៉ូលិសបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងនាវេលាព្រឹកថ្ងៃអាទិត្យនេះ ក្នុងទីក្រុង Chittagong ចម្ងាយជាង២០០គីឡូម៉ែត្រ ភាគអាគ្នេយ៍​នៃ​រដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស ហើយការផ្ទុះនោះបានបណ្តាលឲ្យជញ្ជាំងនៃអគារកម្ពស់៥ជាន់មួយខ្នងទទួលរងការខូចខាត​។ រីឯអ្នកដែលរងរបួស២៥ទាំងនាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ខណៈអាជ្ញាធរបង់ក្លាដែសបារម្ភថា ចំនួនអ្នកស្លាប់​អាចកើនឡើងថែមទៀត ព្រោះអ្នករបួសខ្លះស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង។

ប៉ូលិលបានបន្តទៀតថា រហូតមកដល់ពេលនេះគេមិនទាន់ដឹងច្បាស់នៅឡើយទេថា អ្វីទៅដែលបានបង្កឲ្យផ្ទុះបំពង់ឧស្ម័នខាងលើ ស្របពេលដែលការ​ស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ៕