១០ខែឆ្នាំនេះ ពន្ធដារប្រមូលចំណូលបានជាង២,៤០០លានដុល្លារ កើនជាង២៨%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2019 ក+ ក-

ភ្នំពេញ ៖ តាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៩បានបង្ហាញថា រយៈពេល១០ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួន ៩ ៦១៦.៨៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ២,៤០៤.២១ លានដុល្លារអាមេរិកកើនឡើង២៨.៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។

បើតាមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានបញ្ជាក់ថា កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះការអនុវត្តដោយជោគជ័យនូវប្រព័ន្ធស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund) ដែលបច្ចុប្បន្នអ្នកជាប់ពន្ធ និងសហគ្រាស មានការយល់ដឹងច្រើន ក៏ដូចជាការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់។

បន្ថេមលើសនេះ លោកបានណែនាំដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយដោយប្រកាន់នូវទម្លាប់ហ្មត់ចត់ លើកិច្ចការតូចតាច ទើបអាចមានឱកាសទទួលកិច្ចការធំបាន ដែលនេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕