រុស្ស៊ីប្រគល់នាវាយោធា៣គ្រឿងឲ្យអ៊ុយក្រែនវិញ ក្រោយឃាត់ទុកជិតមួយឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2019 ក+ ក-

ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងកាលពីចុងសប្តាហ៍កន្លងទៅថា រុស្ស៊ីបានប្រគល់នាវាយោធា ចំនួន៣គ្រឿងឲ្យទៅអ៊ុយក្រែនវិញ បន្ទាប់ពីបានចាប់រឹបអូសទុកអស់រយៈពេលជិតមួយឆ្នាំ។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កងកម្លាំងល្បាតដែនសមុទ្ររុស្ស៊ីបានរឹបអូសនាវាយោធាខ្នាតតូច២គ្រឿងឈ្មោះ Berdyansk និង Nikopol រួម ទាំងនាវាសណ្តោងមួយគ្រឿងឈ្មោះ Yana Kapu របស់អ៊ុយក្រែន នៅឯច្រកសមុទ្រ Kerch។ ខណៈទីក្រុងម៉ូស្គូបានចោទប្រកាន់ ថា នាវាទាំងនោះបានរំលោភដែនទឹករបស់ខ្លួន ទីក្រុងកៀវបានអះអាងវិញថា ខ្លួនមិនបានប្រព្រឹត្តអ្វីខុសឡើយ ហើយរុស្ស៊ីទៅវិញទេ ដែលជាអ្នកបង្កហេតុ។

សម្រាប់នាវិកអ៊ុយក្រែនទាំង២៤នាក់ ដែលរុស្ស៊ីបានចាប់ខ្លួនជាមួយនាវាខាងលើ ត្រូវបានទីក្រុងម៉ូស្គូដោះលែង និង ប្រគល់ខ្លួនឲ្យទីក្រុងកៀវវិញ កំឡុងការដោះដូរអ្នកទោសប្រមាណ៣៥នាក់ រវាងប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅកាលពីខែ កញ្ញា ឆ្នាំ២០១៩នេះ៕