សម្តេច ស ខេង ជំរុញឲ្យ​ស្ថាប័ន៣បង្កើន​ការ​បញ្ជ្រាប​សកម្មភាព​ទេសចរណ៍​ទៅក្នុង​សហគមន៍​នានា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2019 ក+ ក-

ភ្នំពេញ ៖ ​ថ្លែងក្នុងពិធីប្រារព្ធ​ទិវា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​១​ អម​ជាមួយ​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍​ឆ្នាំ​២០១៩-២០៣០ សម្តេចក្រឡាហោម ស ខេង បាន​ជំរុញឲ្យ​ស្ថាប័ន​ចំនួន​៣បង្កើន​ការ​បញ្ជ្រាប​សកម្មភាព​ទេសចរណ៍​ទៅក្នុង​សហគមន៍​នានា​ទៀត​ដើម្បីឲ្យ​សហគមន៍​ទាំងនោះ ​ទទួល​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​អញ្ជើញ​ទៅ​ទស្សនា​ ស្នាក់នៅ​កម្ពុជា​បានយូរ ​ជាពិសេស​ការទទួលបាន​ចំណូល​ទៅក្នុង​សហគមន៍ ​និង​បាន​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ ពី​វិស័យ​ទេសចរណ៍​។

ស្ថាប័នទាំង៣នោះ​រួមមាន​ ៖ ក្រសួង​​ទេសចរណ៍ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​។ បន្ថែមលើនេះសម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បានស្នើ​ឲ្យ​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បន្ត​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ​ដើម្បី​ពង្រីក​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យបាន​ច្រើន។

សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា នៅពេល​បច្ចុប្បន្ននេះ ​ទូទាំងប្រទេស​សហគមន៍​មានច្បាប់​អនុញ្ញាត ​ត្រឹម​ត្រូវ​មាន​ប្រមាណ​ជាង ២៣០០​សហគមន៍ ​និង​មាន​សក្ដានុពល​ក្នុង​វិស័យ​ទេសចរណ៍ ប៉ុន្តែ​នៅពេលនេះ ​មាន​សហគមន៍​ប្រមាណ​តែ ជាង​១២៥​ប៉ុណ្ណោះ ​ដែលមាន​សកម្មភាព​ទេសចរណ៍ និង​មាន​ការ​ផ្តល់សេវា​ល្អ​ជូន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កំសាន្ត​។

ទន្ទឹមនឹងនេះ​ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ស្នើឲ្យ​វិស័យ​ឯកជន ពិសេស​បណ្តា​ធនាគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពិនិត្យ​ពិចារណា​បន្ធូរបន្ថយ ​អាត្រា​ការប្រាក់ ​ផ្តល់​ប្រាក់​កម្ចី​ជូន​បណ្តា​សហគមន៍​នានា ​ដើម្បីអោយ​គេ​មានលទ្ធភាព​ពង្រីក​សកម្មភាព​ទេសចរណ៍​នៅក្នុង​សហគមន៍​របស់គេ​៕