ស៊ីម៉ាក់ បើកបណ្តុះបណ្តាលជំនាញបោសសម្អាតមីនដល់កម្លាំងមកពីកូឡុំប៊ី ជាង១០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2019 ក+ ក-

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ នៅថ្ងៃទី១៨ វិច្ឆិកា នេះ បានបន្តបើកវគ្គជំនាញ និងបណ្តុះបណ្តាលជំនាញបោសសំអាតមីន ជូនដល់កម្លាំងជំនាញរបស់កូឡុំប៊ីចំនួនជាង១០នាក់ នៅខេត្តសៀមរាប។

លោក អ៊ុ ភូមិរូ អគ្គនាយករងស៊ីម៉ាក់ បានឲ្យដឹងថា តាមរយៈគម្រោងនៃ កិច្ចសហប្រតិបត្តិការជាមួយចៃកា ស៊ីម៉ាក់បានធ្វើការងារលើការបណ្តុះបណ្តាលជំនាញបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាមួយបណ្តាប្រទេសនានា ដើម្បីបង្កើនសមត្ថភាពរបស់គេ ក្នុងការ ជំរុញការអភិវឌ្ឍ និងការបោសសំអាតយុទ្ធភ័ណ្ឌ។ តាមយៈគម្រោងកិច្ចសហប្រតិបត្តិការត្បូងត្បូង ស៊ីម៉ាក់បានធ្វើការបណ្តុះបណ្តាលជំនាញជាច្រើន ដល់ប្រទេសអង់ហ្គោឡា អ៊ីរ៉ាក់ ជនជាតិ ឃឺត  ឡាវ សរុបចំនួន៥១៤ នាក់ក្នុងនោះមកពីអង់ហ្គោឡាចំនួន៦៥នាក់ កូឡុំប៊ីចំនួន១២៨នាក់ អ៊ីរ៉ាក់ និងឃឺត១៧៤នាក់។ ឯ.ឧ សង្ឃឹមថា សិក្ខាកាមរបស់ កូឡុំប៊ីទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ រៀនជំនាញពីមន្ត្រីជំនាញរបស់ ស៊ីម៉ាក់ឲ្យទទួលបានចំណេះដឹង ក្នុងការយកទៅដោះស្រាយបញ្ហាមីននៅក្នុង ប្រទេសរបស់ខ្លួន។

លោក អ៊ុ សុភាវី បានឲ្យដឹងថា ការបណ្តុះបណ្តាលជំនាញបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលមានរយៈពេល២០ថ្ងៃនេះ នឹង ជួយពង្រឹងជំនាញបន្ថែមដល់កងកម្លាំងជំនាញរបស់កូឡុំប៊ី ឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈគម្រោង south-south cooperation ដែលគាំទ្រដោយ ចៃកា។ ឯ.ឧ អគ្គនាយករងស៊ីម៉ាក់ បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវ ធ្វើឡើងនៅថ្ងៃទី១៨ វិច្ឆិកា ដល់ថ្ងៃទី១៣ ខែធ្នូ។

នេះជាលើកទី៥ ហើយដែលស៊ីម៉ាក់ បានធ្វើការបណ្តុះបណ្តាលជំនាញបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ ក្រោមការជួយគាំទ្រពីទីភ្នាក់ ងារ។ សូមជម្រាបដែរថា កាលពីវគ្គសិក្សាចំនួន៤វគ្គកន្លងទៅ ស៊ីម៉ាក់បានធ្វើការ បណ្តុះបណ្តាលទ្រឹស្តី និងការអនុវត្តផ្ទាល់ជំនាញបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកំរិតបី បណ្តុះបណ្តាលជំនាញ MDD ការគ្រប់គ្រងគ្រាប់មីន ការកំណត់តំបន់អាទិភាព និងគម្រោងទៅលើដីចំការមីន៕