អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមុស្លិមកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2019 ក+ ក-

ភ្នំពេញ ៖ លោកបណ្ឌិត ម៉ូហាម៉េដ យូស៊ុហ្វកាឡា អតីតអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឥស្លាមកម្ពុជាទូទាំងប្រទេសប្រមាណ ៤០០នាក់ នៅឯមជ្ឈមណ្ឌល់ម៉ូឌែន ៥ នារាជធានីភ្នំពេញ។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមរួមក្នុងកិច្ចប្រជុំពូលអាស៊ី ប៉ាស៊ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក្នុងនាមសហគមន៍ខ្មែរ-ឥស្លាមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញសាកសួរសុខទុក្ខ និងសំណេះសំណាលពីសំណាក់ អតីតអនុប្រធានធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ីដែលទើបតែបញ្ចប់អាណត្តិថ្មីៗនេះ ដែលជាការបង្ហាញពីភាពជាបងប្អូនរវាងប្រជាជនប្រទេសទាំង២ ជាពិសេសប្រជាជនឥណ្ឌូណេស៊ី និង សហគមន៍ខ្មែរឥស្លាម ដែលជានិច្ចកាលតែងតែមានទំនាក់ទំនងល្អ ដោយឥណ្ឌូណេស៊ីតែងតែ ជួយដោះស្រាយនូវតម្រូវការ ផ្សេងៗរបស់សហគមន៍ខ្មែរឥស្លាម។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏បានជម្រាបអតីតអនុប្រធានា ធិបតីឥណ្ឌូណេស៊ី អំពីគោលនយោបាយសុខដុមបនីយកម្មក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនា

បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្តល់នូវតម្លៃ សិទ្ធិសេរីភាព និងដោះស្រាយរាល់ កង្វល់ និងតម្រូវការផ្សេងៗក្នុងក្របខណ្ឌជាតិ  វប្បធម៌ ប្រពៃណី ការប្រតិបត្តិសាសនា ដែលបានរួមរស់ ប្រកបដោយភាពសុខដុមរមនាជាមួយគ្នា។

ក្នុងឱកាសនេះ លោកអតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ីបានចែករំលែកនូវបទពិសោធន៍ នានាក្នុងនាមជាថ្នាក់ដឹកនាំរបស់ប្រទេសធំមួយក្នុងតំបន់អាស៊ី ព្រមទាំងបានសម្តែងនូវការពេញចិត្ត ចំពោះជំនួបក្នុងភាពជាបងប្អូនជាមួយសហគមន៍ខ្មែរឥស្លាម។

គួរជម្រាបថា៖ លោក ម៉ូហាម៉េដ យូស៊ុហ្វកាឡា គឺជាមេដឹកនាំដែលគ្រប់គ្រងព្រះវិហារឥស្លាម ដែលមានជាង ៨០ម៉ឺនកន្លែងទូទាំងប្រទេសឥណ្ឌូណេស៊ី ហើយលោកស្វាគមន៍ជានិច្ចនូវការផ្សារភ្ជាប់ ទំនាក់ទំនងលើវិស័យសាសនា ក៏ដូចជាការផ្តល់អាហារូបករណ៍សិក្សានៅតាមសាកលវិទ្យាល័យនានាផងដែរ៕