ជំនួបពិភាក្សារវាងលោក អូន ព័ន្ធមុនីរ័ត្ន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2019 ក+ ក-

ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាល្លឺម៉ង់ប្រចាំកម្ពុជាបានជួប ពិភាក្សាពិភាក្សាអំពីការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក្នុងកិច្ច ពិភាក្សានេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវជំនឿចិត្តថា កិច្ចសហប្រតិបត្តិ ការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់ នឹងត្រូវបានពង្រឹងពង្រីកថែមទៀតនៅលើគ្រប់វិស័យ។

លោកអគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា កម្ពុជា និងអាល្លឺម៉ង់ មានប្រវត្តិនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរលង់ណាស់មកហើយ។ កម្ពុជា សូមថ្លែងអំណរគុណចំពោះតួនាទីរបស់អាល្លឺម៉ង់ នៅក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ បច្ចុប្បន្ន។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បានផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៣គឺ អភិ វឌ្ឍន៍ជនបទ, ការគាំពារសង្គម និង អភិបាលកិច្ច ។

លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជានាបរិការណ៍បច្ចុប្បន្នជាមួយការអភិវឌ្ឍ និងមានសុខសន្តិភាពពេញ លេញ ដែលសមិទ្ធផលទាំងនេះគឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតែម្តង។ ឯកឧត្តមបានបន្តថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុតលើ ឆាកអន្តរជាតិ។ ឈរលើហេតុផលពិតនៃការអភិវឌ្ឍទាំងនេះអាល្លឺម៉ង់ និងជួយគាំទ្រ និងបង្ហាញការពិតពីកិច្ចអភិវឌ្ឍន៍ នៅកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះភាគីទាំងពីរបានសម្តែងនូវការរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ បត្តិការហិរញ្ញប្បទាន ដែលទើបនឹងបញ្ចប់កិច្ចចរចាពាក់ព័ន្ធនឹងវិស័យថាមពល ដោយរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់នឹងផ្តល់ឥណទានសម្បទានលើកទីមួយដល់កម្ពុជា ហើយភាគីទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាននេះនៅមុនដំណាច់ឆ្នាំ២០១៩នេះ ៕