ប្រធានស្ថាបនិក ICAPP ចាត់ទុកសម្តេចតេជោ ជាវីរៈជនគំរូមួយរូប ចំពោះការដឹកនាំនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2019 ក+ ក-

​ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បាន​ទទួលជួប លោក ហូស្សេ ឌឺ វីនេហ្សៀ (Jose de Venecia) អតីតប្រធានសភាហ្វីលីពីន និងជាប្រធានស្ថាបនិកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP)​ នៅវិមានសន្តិភាព។

លោក Jose de Venecia បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូប លោកនិងគណៈប្រតិភូ និងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក​នេះ។ លោកបានកោតសរសើរ ចំពោះការដឹកនាំ របស់សម្ដេចតេជោ ដែលបានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ សម្តេចតេជោដែលដឹកនាំ​កម្ពុជា ឲ្យមានសុខសន្តិភាព និងមានការរីកចម្រើន ធ្វើឲ្យកម្ពុជា ជាប្រទេសគំរូមួយ ដែលមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី មានរដ្ឋាបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយ ហើយប្រតិភូទាំងអស់ បានចាត់ទុកសម្ដេច ជាវីរៈជនគំរូមួយ ចំពោះការដឹកនាំនៅកម្ពុជា។

លោក Jose de Venecia បានជម្រាបជូនសម្ដេចតេជោដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំក្រោយ នឹងមានការប្រារព្ធខួប​២០ឆ្នាំ របស់ ICAPP ក្នុងន័យនេះ លោកបានអញ្ជើញ​សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលជាស្ថាបនិក នៃការបង្រួបបង្រួមជាតិនៅកម្ពុជា ដើម្បីចូលរួមថ្លែងសន្ទរកថា​ ដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសន្យាថា នឹងអញ្ជើញទៅចូលរួម ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០​នេះ ដើម្បីចូលរួម ថ្លែងសន្ទរកថាគន្លឹះមួយ បង្ហាញអំពីបទពិសោធន៍ ក្នុងការដឹកនាំប្រទេសពីសង្គ្រាមហែកហួរ ពីប្រទេសខ្ទេចខ្ទាំ ដល់កម្រិតសូន្យ មកជាប្រទេសមានសុខសន្តិភាព មានការរីកចម្រើន លើគ្រប់វិស័យនាពេលសព្វថ្ងៃ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃនេះ និងជូនពរលោកប្រធាន (ICAPP)​ ​ និងគណៈប្រតិភូជួបសំណាងល្អ ជោគជ័យការងារជាបន្តបន្ទាប់៕