ត្រាំបញ្ជាឱ្យបញ្ជាឲ្យបញ្ជូនកងទ័ព ប្រព័ន្ធរ៉ាដា និងកាំជ្រួចន្ថែមទៀតទៅអារ៉ាប៊ីសាអូឌីត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2019 ក+ ក-

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបញ្ជូនកងទ័ពអាមេរិក ប្រព័ន្ធរ៉ាដា បូករួមនិងកាំជ្រួចមីស៊ីលបន្ថែមទៀត ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសប្រឆាំងនឹងការគំរាមកំហែងដោយមីស៊ីល ឬការវាយប្រហារតាមផ្លូវអាកាសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik។

លោក ត្រាំ បានបញ្ជាក់ក្នុងលិខិតដែលផ្ញើជូនសភាអាមេរិកថា ការដាក់ពង្រាយកម្លាំងយោធានេះ ក៏មានរួមបញ្ចូលផងដែរនូវកងកម្លាំងទ័ពអាកាសមួយក្រុម សំដៅគាំទ្រដល់ប្រតិបត្តិការរបស់យន្ដហោះចម្បាំងអាមេរិក ចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងកងទ័ពកងយន្ដហោះចម្បាំងចំនួនពីរ ដែលនឹងទៅដល់អារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗនេះ។

បើតាមលោក ដូណាល់ ត្រាំ ការបញ្ជូនកងទ័ពបន្ថែមនេះ នឹងធ្វើឱ្យចំនួនកងទ័ពអាមេរិកនៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីតកើនដល់ជិត ៣,០០០នាក់ ហើយពួកគេអាចនឹងត្រូវឈរជើងសម្រាប់រយៈពេលយូរ ទៅតាមភាពជាក់ស្ដែងនៃបេសកកម្មខាងលើ។ ព្រមពេលជាមួយគ្នា លោក ត្រាំ បានបញ្ជាក់ជាមុនថា ទីក្រុងរីយ៉ាដគឺជាអ្នកចេញថ្លៃចំណាយនានា សម្រាប់ការដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម។

សូមជម្រាបថា កាលពីខែកញ្ញាកន្លងទៅ មន្ទីរបញ្ចកោណបានយល់ព្រមបញ្ជូនកងទ័ពបន្ថែម ទៅកាន់អារ៉ាប៊ីសាអូឌីត ក្រោយមានការវាយប្រហារលើរោងចក្រប្រេងចំនួនពីរ ដែលប្រទេសទាំងពីរចោទថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត៕