សហគមន៍ទេសចរណ៍កំពង់ភ្លុក បាននិងកំពុងទាក់ទាញទេសចរតាមរយៈអ្នកអុំទូកជាស្ត្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2019 ក+ ក-

ខេត្តសៀមរាប ៖  សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន០៣ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។

ដោយសហគមន៍នេះមានភាពទាក់ទាញដល់អ្នកទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយកនូវរូបភាពស្អាតៗ ហើយអ្វីដែលកាន់តែពិសេសគឺអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយនឹងភោជនីយដ្ឋានបណ្តែតទឹក បែចិញ្ជឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង។

ចំពោះលក្ខណ:ពិសេសប្លែកគេរបស់សហគមន៍ ហើយដែលភ្ញៀវទេសចរជាតិ-អន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្តក្នុងភូមិមើលទេសភាព និងព្រៃលិចទឹកដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់ក្នុងចំណោមទូកចំនួន ៩៦១។ ក្រុមស្ត្រីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណ:ស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាល ផ្តល់នូវភាពកក់ក្តៅ។

ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុកបានតាមរយ: រថយន្ត រ៉ឺម៉ក ឬម៉ូតូដោយប្រើរយៈពេលប្រមាណជា ២៥នាទីពីទីរួមខេត្តទៅកាន់ចំណតកាណូតរបស់សហគមន៍ ហើយបន្ទាប់មកយើងធ្វើដំណើរតាមកាណូតទៅកាន់សហគមន៍ដោយប្រើរយៈពេលប្រមាណ ២០ នាទីទៀត ទើបយើងទៅដល់សហគមន៍កំពង់ភ្លុក៕