ក្រុមហ៊ុនចិនចំនួន ២០ ថ្មីទៀត មកស្វែងយល់ពីសក្ដានុពលវិនិយោគនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2019 ក+ ក-

ភ្នំពេញ ៖ ក្រុមហ៊ុនចិនចំនួន ២០ ថ្មីទៀត បានមកស្វែងយល់ពីសក្ដានុពលវិនិយោគនៅកម្ពុជា ខណៈការធ្វើពាណិជ្ជកម្មទ្វេភាគីកើនដល់៦ពាន់លានដុល្លារអាមេរិកក្នុងពេលប្រទេសកម្ពុជា និង ចិនកំពុងតែរឹតចំណងមិត្តភាពទាំងការទូត និងពាណិជ្ជកម្ម វិនិយោគិនមកពីប្រទេសចិនជាច្រើនបានមកសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងក្រុមហ៊ុនមកពីប្រទេសចិនចំនួនប្រមាណ២០ក្រុមហ៊ុនបានមកដល់កម្ពុជា ដើម្បីសិក្សាសក្ដានុពល និងកាលានុវត្តនភាពសម្រាប់វិនិយោគនៅកម្ពុជា ។ 

ក្នុងជំនួបជាមួយនិងគណៈប្រតិភូខេត្តសានតុងប្រទេសចិន ដឹកនាំដោយ លោក វ៉ាង ស៊ូជាន  សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុងកាលពីថ្ងៃទី២១វិច្ឆិកា ឯកឧត្តមប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់លើវិស័យកសិកម្មជាពិសេសលើកសិផលដូចជា ស្វាយ ចេក មៀន ដំឡូងមី និងស្រូវ ប៉ុន្តែកំពុងខ្វះខាតរោងចក្រកែច្នៃ និងវេចខ្ចប់។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើសុំ លោក វ៉ាង ស៊ូជាន ឱ្យជួយកៀងគរវិនិយោគិនបន្ថែមទៀត មកវិនិយោគក្នុងវិស័យកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ។

លោក វ៉ាង ស៊ូជាន សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុងមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ បាននាំមកនូវក្រុមហ៊ុនមកពីខេត្តសានតុងចំនួន២០ ដើម្បីមកពិភាក្សាធុរកិច្ចជាមួយក្រុមហ៊ុនកម្ពុជា និងស្វែងយល់ពីកាលានុវត្តភាពសម្រាប់វិនិយោគនៅកម្ពុជា ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកសិកម្ម។

លោកបន្តថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុមហ៊ុនចំនួនពីរបានសម្រេចចិត្តវិនិយោគនៅកម្ពុជា គឺក្រុមហ៊ុន Guomei Linqor Group ( ហ្គូម៉ី លីនហ្កូ គ្រុប ) ដើម្បីសាងសង់រោងចក្រកែច្នៃកសិកម្មសរីរាង្គមួយ ដោយប្រើប្រាស់កាកសំណល់សំរាមក្នុងការផលិតជីសរីរាង្គ, ការវេចខ្ចប់, លក់ជីសរីរាង្គ និងចែកចាយបន្លែសរីរាង្គ និងក្រុមហ៊ុន Fu Lai Chun Group (ហ្វូឡៃឈុនគ្រុប) ដើម្បីដំឡើងរថយន្ត ។ លើសពីនេះក្រុមហ៊ុន Guomei Linqor ក៏មានគម្រោងវិនិយោគលើរោងចក្រកែច្នៃដំឡូងមីជាម្សៅ ក្នុងលទ្ធភាពផលិត ១០០.០០០ តោន នៅខេត្តក្រចេះ»។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ ក្នុងអំឡុងឆ្នាំ១៩៥៦ ហើយក៏មានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ស្របទៅនឹងក្របខណ្ឌតំបន់ ដែលប្រទេសចិនបានដាក់ចេញ ៖គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះ-ឈ្នះ» រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ ។

លោកសង្កត់ធ្ងន់ថា«សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ មាន ចំនួន ៦. ០៤០ លានដុល្លារឤមេរិក កើនឡើងជាង ១៣,៨% បើធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១. ៦៤៤ លានដុល្លារឤមេរិក។

សូមបញ្ជាក់ថា កម្ពុជា ក៏បាននិងកំពុងត្រៀមខ្លួន ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងគ្នាផងដែរ ដើម្បីជំរុញទំហំពាណិជ្ជកម្មអោយបានដល់១០ពាន់លានដុល្លារអាមេរិកស្របតាមផែនការយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ៕