ក្រសួងរ៉ែ ចាប់ផ្ដើមនីតិវិធីរឹតបន្តឹងមុនផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2019 ក+ ក-

ភ្នំពេញ ៖ ស្របពេលធនធានរ៉ែនៅកម្ពុជា ដល់ដំណាក់កាលប្រមូលផលបណ្ដើរៗនោះ ក្រសួងរ៉ែនិងថាមពលដែលសមត្ថកិច្ចគ្រប់គ្រងក្នុងវិស័យចាប់ផ្ដើមធ្វើនីតិវិធី ស្មុគស្មាញ មុននឹងផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដែលចង់ធ្វើអាជីវកម្មរ៉ែនៅកម្ពុជា ។ ការធ្វើបែបនេះ ត្រូវបានកក្រសួងអះអាងថា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងមិនធ្វើអោយផលប៉ះពាល់ពលរដ្ឋក៏ដូចជាវិស័យរ៉ែទាំងមូល។

យោងតាមប្រសាសន៍លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមាបន្រសាសន៍នៅក្នុងវេទិការវាងពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរនៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃទី ២២ វិច្ឆិកានេះថា កាលពីមុនការផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ ត្រូវបានធ្វើឡើងដោយស្ងាត់ៗ ។ ឧទាហរណ៍ថា ក្រុមហ៊ុនរុករកបានឃើញ នូវសក្ដានុពលរ៉ែនៅតំបន់ណា ហើយចង់ធ្វើអាជីវកម្មទាញយក អាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណមកក្រសួងរ៉ែ និងថាមពល រួចក្រសួងនឹងពិនិត្យមើល ក៏ផ្ដល់អាជ្ញាប័ណ្ណជូន ។ ឥឡូវ មិនអញ្ចឹងទៀតទេ , ការផ្ដល់អាជ្ញាប័ណ្ណ ត្រូវបានធ្វើឡើងជាដំណាក់ៗ ។ មុននឹងក្រសួងផ្ដល់អាជ្ញាប័ណ្ណទៅក្រុមហ៊ុនមួយ ក្រសួងត្រូវប្រកាសជាសាធារណៈ  ដោយក្រសួងនឹងប្រកាសប្រាប់ថាតំបន់ណាមួយអាចធ្វើអាជីវកម្មបាន ដើម្បីអោយក្រុមហ៊ុនដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ មកក្រសួង ។

លោកបន្តថា ការធ្វើបែបនេះ ដើម្បីងោយប្រជាពលរដ្ឋនៅក្នុងតំបន់នោះ អាចប្ដឹងតវ៉ាមកក្រសួងបើសិនជាមានផលប៉ះពាល់ណាមួយដល់ជីវភាពឬប្រយោជន៍ធំរបស់ពួកគាត់ ដើម្បីអោយក្រសួងយកបញ្ហានោះ មកជជែកពិភាក្សាទាំងអស់គ្នា ។នៅពេលដែលក្រសួងពិនិត្យមើល និងពិគ្រោះយោបល់ហើយ វាមានផលប៉ះពាល់អវិជ្ជមានច្រើន នោះក្រសួងនឹងមិនផ្ដល់អាជ្ញាប័ណ្ណទៅ អោយក្រុមហ៊ុនឯកជននោះសម្រាប់ធ្វើអាជីវកម្មនោះឡើយ ។

លោកបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ បើសិនជាមានអ្វីត្រូវលើកឡើងឬជំទាស់ត្រូវធ្វើមុនក្រសួងចេញអាជ្ញាប័ណ្ណ ព្រោះនៅពេលដែលយើងចេញអាជ្ញាប័ណ្ណរួចហើយ យើងមិនចេះតែដកឬបញ្ឈប់គេបាននោះទេ ព្រោះគេបានដាក់ទុនលុយជាច្រើនដើម្បីបង្កើតក្រុមហ៊ុនមួយៗចឹងបើសិនជាដកឬបញ្ឈប់យើងត្រូវសងគេ  ។ នេះជាច្បាប់ដែលបងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងទាំងអស់គ្នានិងត្រូវយល់ពីគ្នាផងដែរ ។

បើតាមប្រសាសន៍ឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានអោយដឹងថា ការជំរុញ អភិវឌ្ឍន៍វិស័យរ៉ែ និងប្រេងកាតមួយ ប្រកបដោយការទទួលខុសត្រូវ និងស្របតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាឆន្ទៈនយោបាយនិងជាគោលដៅយុទ្ធសាស្ត្រ ដ៏ចំបងរបស់ក្រសួងរ៉ែនិងថាមពល ។ ការផ្ដល់ពីការបង្កើតក្រសួងរ៉ែនិងថាមពល បំបែកចេញពីអតីតក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ការអនុវត្តកម្មវិធី កំណែទម្រង់ត្រូវបានអនុវត្តដោយបានឆ្លងកាត់ដំណាក់កាលសំខាន់ជាយុទ្ធសាស្ត្រចំនួនពីររួចហើយគឺ ១.ដំណាក់កាលពីឆ្នាំ ២០១៣ដល់ឆ្នាំ ២០១៦ ជាដំណាក់កាលនៃការរៀបចំ កសាងនិងពង្រឹងសមត្ថភាពស្ថាប័នកិច្ចនៅក្នុងវិស័យរ៉ែ និងប្រេងកាត ទី២ .ដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ជាដំណាក់កាលនៃការពង្រឹងភាពអនុលោម និងការអនុវត្តច្បាប់ ។

លោកបន្តថា បច្ចុប្បន្ន ដំណាក់កាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ គឺជាដំណាក់កាលនៃការប្រមូលផល ដែលកម្ពុជាអាចចាប់ផ្ដើមកសាងបានជាលើកដំបូងនូវខឿនឧស្សាហកម្មប្រភេទថ្មីរបស់ខ្លួន ឧស្សាហកម្ម និស្សារណៈកម្ម បន្ថែមលើខឿនឧស្សាហកម្មនិងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។ ការចាប់ផ្ដើមឡើងនៃខឿន ឧស្សាហកម្មថ្មីនេះ បាននិងកំពុងស្ដែងឡើងតាមរយៈការបង្កើតបាននូវរោងចក្រឧស្សាហកម្មផលិតស៊ីម៉ង់ត៍ធំៗ ការអភិវឌ្ឍអណ្ដូង រ៉ែ និងបង្កើតរោងចក្រចម្រាញ់រ៉ែមាសទំនើបខ្នាតធំ និងការអភិវឌ្ឍអណ្ដូងអាជីវកម្មរ៉ែ ប្រេងកាតរបស់កម្ពុជាជាលើកដំបូងនៅពេលឆាប់ៗខាងមុខនេះ ។ខឿនឧស្សាហកម្មនេះ មានសារៈសំខាន់ធំធេងណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា ទាំងការចូលរួមដោយផ្ទាល់ និងទាំងដោយប្រយោល ។

តាមលោកម៉េង សក្ដិធារ៉ា នៅព្រឹកថ្ងៃទី ២២ វិច្ឆិកាថា បច្ចុប្បន្នក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែទាំងនៅក្នុងប្រទេសមានប្រមាណជិត១០០ក្រុមហ៊ុន ក៏ប៉ុន្តែមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះ ដែលមានឆន្ទៈក្នុងការសហការជាមួយពលរដ្ឋនិងអាជ្ញាធរ ដើម្បីធ្វើអាជីវកម្មមួយប្រកបដោយទំនួលខុសត្រូវសង្គមខ្ពស់ ៕