ចិន​វាយ​ប្រហារ​អាមេរិក​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល ​G20 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2019 ក+ ក-

ចិន៖ ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហូ​ឡង់​លោក Stef Blok នៅ​ខាងក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស G20​ នៅ​ទីក្រុង Nagoya ក្នុង​ប្រទេស​ជប៉ុន កាលពីថ្ងៃសៅរ៍ ប្រមុខ​ការទូត​របស់​រដ្ឋាភិបាល​ចិនលោក​ Wang Yi  បាន​និយាយ​​ថា ​សហរដ្ឋអាមេរិក​គឺជា​ប្រភព​អស្ថិរភាព​ធំ​បំផុត​របស់​ពិភពលោក ​ហើយ​អ្នកនយោបាយ​របស់ខ្លួន​កំពុង​ដើរ​ជុំវិញ​ពិភពលោក ​និយាយ​បង្ខូច​កេរ្តិ៍​របស់​ចិន​ដោយ​គ្មាន​មូលដ្ឋាន​។

ក្រសួង​ការបរទេស​ចិន​បាន​ដក​ស្រង់​សំដី​លោក ​Wang ​ថា សហរដ្ឋអាមេរិក​បាន​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​ឯកតោភាគី​និយម ​និង​ការ​គាំពារ​និយម ហើយ​កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ពហុភាគី​និយម​ និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​។ លោកសង្កត់ធ្ងន់ថា វា​បាន​ក្លាយ​ជា​កត្តា​បង្ក​អស្ថិរភាព​ ធំ​បំផុត​របស់​ពិភពលោក​រួច​ទៅ​ហើយ។

​ សូមជម្រាបថា ទំនាក់ទំនង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង២ នៅ​លើ​ពិភពលោក​បាន​ស្រុត​ចុះ​ជាថ្មី ​ស្រប​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់​មួយ ដែល​ភាគី​ទាំង​២ កំពុង​ព្យាយាម​ដោះស្រាយ ​និង​ជម្លោះ​ជុំវិញ​សិទ្ធិមនុស្ស​ហុងកុង និង​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់​កោះ​តៃវ៉ាន់​ ដែល​ចិន​អះ​អាង​ថាជា​ដែនដី​របស់​ខ្លួន​នោះ​​៕