អភិបាលខេត្តកំពង់ចាមជំរុញឲ្យអាជ្ញាធរមូលដ្ឋានបំផុសដល់ប្រជាពលរដ្ឋឲ្យចេះថែរក្សាទឹកទុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងឯកឧត្ដម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួង ធនធានទឹក និង ឧតុនិយមបានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុកសម្រាប់ប្រេីប្រាស់ ដើម្បីត្រៀមបង្កានឹងគ្រោះរាំងស្ងួត។

យោងតាមការព្យាករណ៍ ក៏ដូចជាស្ថានភាពជាក់ស្ដែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភាព “អែលនីណូ” ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា÷

ធាតុអាកាសមានភាពក្តៅហួតហែង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវដោយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែ១លើក ហើយបន្ទាប់មកក៏បានស្រកជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមកបើទោះបីជាចាប់ពីខែកក្កដាឆ្នាំ២០១៩ បាតុភូត”អែលណូនី”បានថមថយឥទ្ធិពលជាបណ្ដើរបណ្ដើរទន្ទឹមនឹងអាងទឹកនានាពេលកន្លងមកបានរក្សាទុកស្ទើរតែ១០០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក៏ដោយបញ្ហាគ្រប់គ្រងនិងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាពដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា ស្រូវរដូវប្រាំងឆ្នាំ២០១៩-២០២០ និងការប្រើប្រាស់ជាប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនៃឆ្នាំថ្មី។

យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើរាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម

១, ការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះដោយមិនអាចធ្វើស្រែប្រាំងលើកទីពីរបានទេបើទោះបីជាទឹកនៅបណ្ដាអាងដែលមានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃនិងការដាំដំណាំរួមផ្សំផ្សេងៗទៀតក្រៅពីស្រូវ។

ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ជាប្រចាំថ្ងៃបណ្ដុះរហូតដល់មានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕ ដោយ ៖ ប៉ែន សុផល