កម្ពុជានៅសល់ផ្ទៃដីប្រមាណ៨៩០ គីឡូម៉ែត្រក្រឡា ដែលមានការគម្រាមដោយសារមីន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2019 ក+ ក-

ភ្នំពេញ ៖ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៤ ក្នុងទីក្រុងអូស្លូ លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានរាយការណ៍ជូនកិច្ចប្រជុំពេញអង្គនូវសំណើសុំរបស់កម្ពុជាក្នុងការពន្យារពេលបោសសម្អាតលើកទី២។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីលទ្ធផលបណ្តាលមកពីសង្គ្រាមជាង៣ទស្សវត្សន៍ដែលនាំឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលបន្សល់ទុកនូវគ្រាប់មីនច្រើនជាងគេបំផុតនៅលើពិភពលោក។ លោកទេសរដ្ឋមន្ត្រី ក៏បានលើកនូវលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងអំឡុងពេលសំណើសុំពន្យាពេលលើកទី១។ គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែធ្នូ ២០១៨ កម្ពុជាបោសសម្អាតបានផ្ទៃដី ១.៨២៣ គីឡូម៉ែត្រក្រឡា ដោយរកឃើញនិងបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់ គ្រាប់មីនប្រឆាំងយាន្តយន្តប្រមាណ ២.៤៨៤០គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣លានគ្រាប់។

លោកបន្តថា កម្ពុជានៅសល់ផ្ទៃដីប្រមាណ ៨៩០គីឡូម៉ែត្រក្រឡា ដែលមានការគម្រាមដោយសារមីន ហើយដែលត្រូវបោសសម្អាតឲ្យអស់ក្នុងរយៈពេល៦ឆ្នាំខាងមុខ។ កម្ពុជាមានផែនការជាក់លាក់សម្រាប់រយៈពេល៦ឆ្នាំខាងមុខគឺ នឹងស្រាវជ្រាវ៧៣ស្រុកដែលនៅសល់ បន្តជំរុញឲ្យកងយោធពលខេមរភូមិន្ទចំនួន២.០០០នាក់ ឲ្យចូលរួមក្នុងការបោសសម្អាតមីនមនុស្សធម៌ បន្តស្វែងរកនូវវិធីសាស្រ្តថ្មីៗដើម្បីកាត់បន្ថយផ្ទៃដីដែលមានការគម្រាម ទាក់ទាញម្ចាស់ជំនួយពីប្រភពផ្សេងៗ និងធ្វើការបោសសម្អាតផ្ទៃដីដែលមានការគម្រាមដោយមីនប្រឆាំងយាន្តយន្តប្រមាណ ៨០៦គីឡូម៉ែត្រក្រឡា។

លោកបញ្ជាក់ថា ដើម្បីសម្រេចផែនការនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៣៧៧លានដុល្លារ ក្នុងនោះត្រូវប្រើប្រាស់តាមអាទិភាព គឺបោសសម្អាត១១០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២០-២០២១ នៅក្នុងភូមិចំនួន៥០០សម្រាប់ផ្ទៃដីដែលមានការគម្រាមដោយសារមីន។

ចូលរួមនៅក្នុងសំណើសុំរបស់កម្ពុជា អង្គការ ICBL និងអង្គការ GICHD បានសំដែងនូវការគាំទ្រទាំងស្រុងសម្រាប់សំណើសុំនេះ ពីព្រោះកម្ពុជាមានការតាំងចិត្តខ្ពស់ និងមានផែនការច្បាស់លាស់ដែលអង្គការកំពូលទាំងពីរនេះយល់ថា កម្ពុជាពិតជាអាចបំពេញបាននូវកាតព្វកិច្ចនេះ៕