ខេត្តពោធិ៍សាត់ គ្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មី «ភ្នំនាគស» នៅក្នុងស្រុកក្រគរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2019 ក+ ក-

ពោធិ៍សាត់ ៖ តំបន់បណ្ដុំភ្នំគុហ៍ ស្ថិតក្នុងចំណុចកាត់កង់ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងារចុះជួយឃុំ សហការជាមួយអាជ្ញាធរខេត្ត ស្រុកឃុំធ្វើការ សិក្សា ដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញទៅថ្ងៃអនាគត។

លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុក ក្រគរ បានបំផុសប្រជាពលរដ្ឋ យុវជនប្រមាណជាង៣០០នាក់ រួមនឹងអាជ្ញាធរមន្ត្រីជំនាញខាងវិស័យ ទេសចរណ៍ ធ្វើដំណើរកំសាន្តស្វែងយល់និងវាយតម្លៃ លើទីតាំងទាំង៣កន្លែង ដើម្បីរិះរកចំណុចរួម មួយឈានទៅធ្វើការអភិវឌ្ឍន៍ និងបង្កើតជារមណីយដ្ឋានទេសចរណ៍ថ្មីមួយ ដែលមានឈ្មោះថា «ភ្នំនាគស»។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ទីនេះអាចកំណត់បានថា ជាទីតាំង ទេស ចរណ៍បែបលក្ខណៈគ្រួសារ។ ដីនៅតាមតំបន់ជើងភ្នំ នេះប្រសិនបើប្រជាពលរដ្ឋដាំដំណាំព័ទ្ធជុំវិញ ដូច ជា ល្ហុង ចេក ពុទ្រា ផ្កា និងដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទៅលក់នៅទីផ្សារ ដោយមិនប្រើ ជីរគីមី នោះ គឺប្រសើរណាស់។

ទោះយ៉ាងនេះក្ដី លោក សំ ឃីម ថាការប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ចាំបាច់ត្រូវប្រើទុនវិនិយោគ ធំណាស់ ហើយទាមទារកែលម្អច្រើនដើម្បីឱ្យមានការទាក់ទាញ ហើយដើម្បីឲ្យដំណើរការទៅបាន ប្រជាពលរដ្ឋត្រូវចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិទាំងអស់នេះ ឲ្យនៅគង់វង្ស។ បច្ចុប្បន្ន ភ្នំ នេះ ជាតំបន់ជម្រកសត្វក្ងោក ដែលតែងតែហើរចុះមកលេងនៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀប លិច។ ក្រៅពីសត្វក្ងោក ក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀតផងដែរ។

លោក អេង គន្ធា អ្នកផ្ដួចផ្ដើមគំនិតអភិវឌ្ឍន៍តំបន់នេះ បានបញ្ជាក់ពីគោលបំណង ចង់ថែរក្សាការ ពារ ធនធានធម្មជាតិ និងបរិស្ថាន នៅបណ្តុំភ្នំគុហ៍នេះដោយរំលេចឲ្យអ្នកផងមានការចាប់អារម្មណ៍ នូវ អ្វីដែលមាននៅលើភ្នំនេះ។ ពិសេសគឺត្រូវធ្វើឲ្យតំបន់នេះឲ្យក្លាយជាទេសចរណ៍ធម្មជាតិផង និងជា កន្លែង គោរពសក្ការៈផង ទើបទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទាំងឡាយ អំពីសក្តានុពលធនធានដ៏កម្រ ក្នុងឃុំមួយនេះ។ ក្ដីបារម្ភ គឺទុនវិនិយោគសម្រាប់អភិវឌ្ឍតំបន់នេះ ព្រោះថា វាជាកន្លែងថ្មីត្រូវការ ចំណាយថវិកាច្រើន ។

តែទោះជាយ៉ាងនេះក្តី លោកអគ្គនាយករងអគ្គិសនីកម្ពុជា ក៏បានបង្ហាញពីជំហរដ៏មោះមុត ថានឹង បង្កើត តំបន់ដែលមានឈ្មោះថា «ភ្នំនាគស»នេះឲ្យបាន ។ លោកក៏បានអំពាវនាវដល់ព្រះសង្ឃ និង គ្រហស្ថ រួមគ្នាថែរក្សាសម្បត្តិធនធានធម្មជាតិ ដែលមាននៅទីនេះ ឲ្យបានគង់វង្ស ដើម្បីបង្កើតជា រមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ស្អាត និងមានខ្យល់បរិសុទ្ធ សម្រាប់ភ្ញៀវទេសចរមកលេងកំសាន្ដ៕