កម្ពុជា ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) មកពី៤០ប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2019 ក+ ក-

ភ្នំពេញ ៖ សន្និសីទស្តីពី“ទីក្រុង ដែលមានភាពធន់ ការគិតគូរ អំពី បញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩ របស់សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសា បារាំង (AIMF) បាននឹងកំពុងប្រារព្ធឡើង នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ នាព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩នេះ ដោយបានទទួលស្វាគមន៍គណៈប្រតិភូ នៃទីក្រុងនិងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤០២នាក់មកពី៤១ប្រទេសទូទាំងពិភពលោក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះ បានថ្លែងក្នុងពិធីបើកសន្និសីទ ស្តីពី“ទីក្រុងដែលមានភាពធន់ ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនា ទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩របស់សហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដោយមានការចូលរួមពីសមាជិករដ្ឋសភា និងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាអតីតអភិបាលរាជធានីភ្នំពេញ លោក ព្យែរ  ប៊ៃយ៉េ លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

លោក ឃួង ស្រេងបានមានប្រសាសន៍ថា មហាសន្និបាតនេះ ជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តសម្រាប់សមាគម AIMF និងសម្រាប់រាជធានីភ្នំពេញ ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌទីក្រុង ជាមួយសមាគម និងទីក្រុងជាមួយទីក្រុង ដែលជាសមាជិកសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

រាជធានីភ្នំពេញពិតជាមានកិត្តិយសនិងមោទនភាពបំផុតដោយបានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ដោយមានដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូ នៃទីក្រុង និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ វាង៤រយនាក់ មកពីជុំវិញពិភពលោក។

សន្និសីទពេញអង្គ«ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង» បានលើកឡើងអំពីការងារស្ថាបនាទីក្រុងឡើងវិញបាននិងកំពុងក្លាយជាទីក្រុងប្រឈមរួមពិតៗ សម្រាប់គ្រប់ក្រុងលើពិភពលោក។ស្ថានភាពទាំងឡាយដែលភ្នំពេញនិងគីហ្គាលី ជួបប្រទះក្រោយ      សង្គ្រាមក្តី, គ្រោះមហន្តរាយធម្មជាតិក្តី, គម្រាងធំៗ ដើម្បីកែលម្អក្រុងសារជាថ្មី (ក្រុងសៀងហៃ, ក្រុងឡុងដ៏, ក្រុងដេត្រ័រ) សុទ្ធតែនាំដល់ការកំទេច និងការកសាងឡើងវិញប្រកបដោយថាមភាពខ្លាំងក្លាមិនធ្លាប់ជួបប្រទះពីមុន។

បទអន្តរាគមន៍ទាំងឡាយដែលលើកយកមកក្នុងពេលនេះផ្តោតជាសំខាន់លើកត្តាថាមភាព៣ចំនុច ជាសារវន្ត័សម្រាប់ការស្ថាបនាឡើងវិញ ហើយវាមានភាពប្រទាក់ក្រឡាគ្នា ស្និតទៅនឹងដំណាក់កាល៣ ដែលមនុស្សនិងទីក្រុងត្រូវបានបំបែកចេញពីគ្នា។

លោក  ព្យែរ  ប៊ៃយ៉េ លេខាធិការដ្ឋានសមាគមអន្តរជាតិ នៃអភិបាលប្រើប្រាស់ភាសាបារាំងបានថ្លែងថា “ការស្ថាបនាទីក្រុងឡើងវិញ តោងទាមទារសមត្ថភាពរបស់ប្រជាជន និងសមត្ថភាពរបស់មន្ត្រីដឹកនាំ ដើម្បីជំនះនឹងផលប៉ះពាល់ ដែលផុសចេញពីការប្រែប្រួល ផ្លាស់ប្តូររបស់ទីក្រុង និស្ថានភាពតក់ស្លុតណាមួយ៕