ជប៉ុន ប្ដេជ្ញា​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2019 ក+ ក-

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ សរុបចំនួន ២ ៤០៥ ០០០ ០០០ យ៉េន (ជាង២២លានដុល្លារ) សម្រាប់អនុវត្តគម្រោង «ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់ ទឹកស្អាត នៅខេត្តពោធិ៍សាត់»។ ពិធីចុះហត្ថលេខានេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៤ ខែធ្នូ នៅ​ទីស្ដី​ការក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុង​ការ​រួម​ចំណែក​ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែល​បាន​ចូល​រួម​ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារសម្រាប់ “គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​ពោធិ៍សាត់” ដែលជាហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។

លោកបន្តថា តាមរយៈហិរញ្ញប្បទានឥតសំណងប្រមាណ ២២លានដុល្លារអាមេរិក (២៤០៥​លាន​យ៉េន) ដែលបានចុះហត្ថលេខានេះ ជប៉ុននឹងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និង​រៀប​ចំ​ប្រព័ន្ធ​ចែក​ចាយទឹកជាដើម ក្នុងក្រុងពោធិ៍សាត់។

ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន ​និង​កម្ពុជា​បាន​នឹង​កំពុង​ពង្រីក​ដល់វិស័យជាច្រើន ហើយ​ទាំង​អស់​ក៏​ទទួល​បាន​លទ្ធផលដ៏ធំធេង ដូច្នេះ​ហើយ​លោក​គិត​ថា កិច្ចសហប្រតិបត្តិការទាំងនេះ បាន​ចូល​រួម​ចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា ទោះបីជាតិចតួចក្តី។

ក្នុង​នោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គឺ​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​រយៈ​ពេល​ដ៏​វែង​និង​ទំហំដ៏ធំនៃសមិទ្ធផលដែលសម្រេចបាន។ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​ជំនាញ​ការ​បច្ចេកទេស​ជប៉ុន និងកម្ពុជា យើងអាចសម្រេចបាននូវសមទ្ធផលដែលត្រូវបានហៅថា “ភ្នំពេញ​អច្ឆរិយៈ” នៅរាជធានីភ្នំពេញ។ ប៉ុន្តែអត្រាផ្គត់ផ្គង់ទឹកស្អាត និងគុណភាពទឹកនៅតំបន់ជាច្រើននៅក្នុងខេត្តក្រុងផ្សេងទៀតមានស្ថានភាពខ្វះខាតច្រើន។ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​កំណត់​គោល​ដៅ​នៃ​អត្រា​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​បាន​១០០ភាគរយ​នៅ​គ្រប់​តំបន់​ទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៥ ។

តាមរយៈគម្រោងនេះ លោករំពឹងថាអត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់នឹងមានការកើនឡើង ហើយ​អត្រាផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងផ្សេងទៀតនឹងមានការអភិវឌ្ឍកាន់តែខ្លាំង។ ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​កម្ពុជា​មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ដោយ លោក​គិត​ថា​មិន​ត្រឹម​តែ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជា​ជន ដូចជាប្រព័ន្ធទឹកកខ្វក់បញ្ហាសំរាម និងការកកស្ទះចរាចរណ៍ជាដើម។ ប្រទេស​ជប៉ុន​សង្ឃឹម​ថា​នឹង​អាច​ជួយដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ប្រើប្រាស់​នូវ​គម្រោង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្សេងៗ៕