អាមេរិក នឹងជួបវិបត្តិសេដ្ឋកិច្ចក្រោយបញ្ឈប់ការផលិតយន្តហោះ 737 MAX
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2019 ក+ ក-

អាមេរិក ៖ ប្រភពមួយ បាននិយាយថាក្រុមហ៊ុន Boeing នឹងបញ្ឈប់ការផលិតយន្តហោះ ប្រភេទ ៧៣៧ MAX នៅក្នុងខែមករា ខណៈការផ្អាកប្រតិបត្តិការ លើយន្តហោះដែលលក់ដាច់បំផុត របស់ក្រុមហ៊ុនមួយនេះ នឹងមានរយៈពេលយូរ រហូតដល់ឆ្នាំ ២០២០ ។

ប៉ុន្តែប្រភពមួយផ្សេងទៀត បាននិយាយថា នឹងមិនមានការបញ្ឈប់ការផលិត ក្នុងអំឡុងពេលបង្កកផលិតកម្មនោះទេ។ ការសម្រេចបង្កកផលិតកម្ម ដែលធ្វើឡើង ដោយក្រុមប្រឹក្សា ភិបាលរបស់ក្រុមហ៊ុនប៊ូអ៊ីង បន្ទាប់ពីការប្រជុំរយៈពេល ២ ថ្ងៃ នៅទីក្រុងឈីកាហ្គោ ធ្វើឡើង បន្ទាប់ពីមានព័ត៌មានកាលពីសប្តាហ៍មុនថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នឹងមិន អនុម័តការដាក់អោយប្រើប្រាស់យន្តហោះ ប្រភេទនេះ មុនឆ្នាំ ២០២០ នោះទេ។

លោក ហេនរីន ហាតេវេល Henry Harteveldt ប្រធានក្រុមស្រាវជ្រាវផ្នែកបរិយាកាស របស់ក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុនបញ្ឈប់ផលិតកម្មនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ។ លោកគិតថា វានឹងជះផលប៉ះពាល់ដល់ឱនភាពពាណិជ្ជកម្ម របស់ អាមេរិក និងអាចមានសក្តានុពលកាន់តែធ្ងន់ធ្ងរថែមទៀត ។

គួរបញ្ជាក់ថា យន្តហោះធុន ៧៣៧ MAX ត្រូវបានផ្អាកប្រតិបត្តិការ ចាប់តាំងពីខែមីនា មក បន្ទាប់ពី មានយន្តហោះធ្លាក់ ២ លើក នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសអេត្យូពី សម្លាប់ មនុស្ស ៣៤៦ នាក់ ក្នុងរយៈពេល ៥ ខែ ដែលធ្វើឱ្យក្រុមហ៊ុនផលិតយន្ដហោះមួយនេះ ខាត បង់ទឹកប្រាក់អស់ជាង ៩ ពាន់លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនប៊ូអ៊ីង បានបន្តផលិតយន្ដហោះ ៧៣៧ MAX ក្នុងអត្រា ៤២ គ្រឿង ក្នុងមួយខែ និងទិញគ្រឿងបន្លាស់ពីក្រុមហ៊ុនផ្គត់ផ្គង់ ទោះបីជាការដឹកជញ្ជូនត្រូវបានផ្អាក រហូតដល់និយតករយល់ព្រមឱ្យយន្ដ ហោះ ប្រភេទនេះ ហោះហើរម្តងទៀតក៏ដោយ៕