ជប៉ុន និងកូរ៉េខាងត្បូង រកឃើញច្រករួមមួយស្តីពីដំណោះស្រាយជម្លោះពាណិជ្ជកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2019 ក+ ក-

ជប៉ុន ៖ ប្រទេសជប៉ុន បាននិយាយថា កិច្ចពិភាក្សារបស់ខ្លួន ជាមួយប្រទសកូរ៉េខាងត្បូង ធ្វើអោយមានការយោគយល់កាន់តែប្រសើរជាងមុន អំពីការគ្រប់គ្រងប្រព័ន្ធនាំចេញរបស់ ពួកគេ ហើយភាគីទាំងពីរ នឹងបន្តកិច្ចសន្ទនាជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុន លោក ហ៊ីរ៉ូស៊ី កាជីយ៉ាម៉ា បានប្រាប់អ្នកសារព័ត៌មាន ថា យើងសង្ឃឹមថា នឹងបន្តការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា រវាងប្រទេសទាំងពីរ លើការគ្រប់គ្រងការនាំចេញ ហើយប្រទេសទាំងពីរមានគំរោងរៀបចំកិច្ចប្រជុំបន្ទាន់ សំរាប់ កិច្ចចចារពាណិជ្ជកម្ម នាពេលអនាគតដ៏ខ្លីខាងមុខ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

មន្ត្រីពាណិជ្ជកម្មជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នាជាលើកដំបូង ចាប់តាំងពី ប្រទេសជប៉ុន បានចេញការរឹតបន្តឹងលើការនាំចេញ សម្ភារៈបច្ចេកវិទ្យាខ្ពស់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្នុងខែកក្កដា ចំពេលមានជំលោះពាណិជ្ជកម្មលើបញ្ហាប្រើប្រាស់កំលាំង ពលកម្មប្រជាជនដោយបង្ខំអំឡុងពេលសង្គ្រាម។

លោក កាជីយ៉ាម៉ា បាននិយាយថា កិច្ចចរចាពាណិជ្ជកម្មបន្ទាប់ រវាងប្រទេសទាំងពីរ នឹងត្រូវធ្វើឡើង នៅទីក្រុងសេអ៊ូល នាពេលខាងមុខនេះ៕