នាយករដ្ឋន្ត្រីកម្ពុជា ថា សុខចិត្តទទួលយកយោបល់របស់ប្រតិភូចម្រុះគណបក្សជាជាងទទួលបញ្ជាពីបរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាសុខចិត្តទទួលយោបល់ និងរបាយការណ៏ក្នុងន័យស្ថាបនារបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយ និងធ្វើការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហើយថា សម្តេច នឹងបន្តស្នើទៅព្រះមហាក្សត្រក្នុងការបន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បន្តទៀត នៅក្រោយឆ្នាំ២០២៣ ប្រសិនបើគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោត។

ថ្លែងនៅក្នុងពិធីបិទសន្និបាតសរុបការងារ១៦ខែ និងទិសដៅបន្តរបស់ ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៧ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះ យន្តការ និងរបាយការណ៏ការងាររបស់សមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំង១៦គណបក្ស ដែលបានផ្តល់ព័ត៌មាន និងរបាយការណ៏ មកកាន់នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយ។ សម្តេចតេជោ បានអះអាងថា សម្តេចសុខចិត្តស្តាប់ និងទទួលយកយោបល់នានាពីសមាជិកនៃឧត្តមក្រុម ប្រឹក្សា និងពិគ្រោះយោបល់ ប្រសើរជាងស្តាប់ការបង្គាប់បញ្ជាពីបរទេស ក្នុងធ្វើការធ្វើនេះ ធ្វើនោះដើម្បីជាថ្នូរទៅនឹងជំនួយ និងប្រព័ន្ធអនុគ្រោះពន្ធ។

នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា របាយការណ៏របស់សមាជិកឧត្តមក្រុមប្រឹក្សានេះ បានក្លាយជាធាតុចូលដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលយកទៅពិចារណា ធ្វើជាធាតុចូលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានបំណងស្នើទៅព្រះមហាក្សត្រ ដើម្បីបន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅអាណត្តិ ក្រោយឆ្នាំ២០២៣ បើសិនគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតបន្តទៀត។ ការបន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺដោយសារ តែយន្តការនោះ បានផ្តល់សារៈសំខាន់ និងជាធាតុចូល ក្នុងការដោះស្រាយ បញ្ហាប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ ក្នុងរយៈពេល១៦ខែមកនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេត្តជាង៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ជិត២០០ករណី។ ក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២។

ក្នុងរយៈពេលប្រមាណ១៦ខែនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំពិនិត្យទៅសេចក្តីព្រាងច្បាប់ផ្សេងៗចំនួន១២លើក និងបានរៀបចំកិច្ចប្រជុំធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សាផ្តល់ធាតុចូលជាមួយប្រតិភូក្រសួងនីមួយៗចំនួន ១៣លើក។ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានផ្តល់ថវិកាជាង ១លានដុល្លារដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់ចំណាយលើសកម្មភាពរបស់ខ្លួន។ តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចំណាយជិត ៨៧ម៉ឺនដុល្លារអាមេរិក នៅសល់ជាង ៤៥ម៉ឺនដុល្លារ៕