គ្មានការដកតំណែងអភិបាលខេត្តកែប ដោយសារបាក់រលំអគារស្លាប់ និងរបួស ៥៩នាក់នោះទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2020 ក+ ក-

ភ្នំពេញ ៖ គ្មានការដកតំណែងលោក កែន សត្ថា អភិបាលខេត្តកែប នោះទេ បើទោះបីជាមានមនុស្សមួយចំនួនពិសេសមន្ត្រីក្នុងជួររាជរដ្ឋាភិបាលជំរុញឲ្យមានការដកតំណែងអភិបាលខេត្តកែបយ៉ាងណាក៏ដោយ។ សម្ដេចតេជោ ក៏បានព្រមាននឹងចាត់ការទៅលើអ្នកលើកឡើងឲ្យមានការតំណែងអភិបាលខេត្តកែបផងដែរ ពិសេសមន្ត្រីក្នុងជួរដ្ឋាភិបាលតែម្ដង

សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ នៅក្នុងសន្និសីទក្រោយបិទបញ្ចប់ការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារនៅក្នុងខេត្តកែប និងនៅបន្ទាប់ពីមានអ្នកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក និងមន្ត្រីរដ្ឋាភិបាលផង បានផ្ញើសារទៅក្នុងបណ្ដាញទំនាក់ទំនងរបស់សម្ដេច ដូចជា Whatapp និង Telegram ជាមួយ ក្នុងគោលបំណងចង់ឲ្យដកតំណែងអ្នកនេះ អ្នកនោះ តែសម្ដេចតេជោ បានបញ្ជាក់ថា នេះ ជាពេលវេលាគិតពីរឿងសំខាន់ក្នុងការជួយសង្គ្រោះជីវិតពលរដ្ឋ មិនមែនជាពេលគិតគូរពីអ្នកណាខុស អ្នកណាត្រូវនោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន មានប្រសាសន៍ថា«នៅពេលដែលកើតរឿងភ្លាម មានអ្នកបង្ហោះតាមហ្វេសប៊ុក ហើយក៏មានអ្នកវាយសារចូលមកក្នុង Whatapp និង Telegram របស់ខ្ញុំ ធ្វើការស្ដីបន្ទោសអ្នកនេះ ស្ដីបន្ទោសអ្នកនោះ ត្រូវការដកអ្នកនេះ ត្រូវការដកអ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់ក្នុងអ្វីដែលជាការគិតធំបំផុត គឺបញ្ហាសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋរបស់យើង។ មិនមែនជាបញ្ហាត្រូវរករឿងអ្នកណាខុស អ្នកណាត្រូវ នៅពេលនោះទេ នេះជារឿងនៅពេលក្រោយ។ ក៏ប៉ុន្ដែ ខ្ញុំអាចបញ្ជាក់ក្នុងការជៀសវាងនូវការសង្ស័យណាមួយ អភិបាលខេត្តកែប និងមន្ត្រីមិនត្រូវបានដកចេញពីតំណែងទេ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមាននឹងពិនិត្យទៅលើមន្ត្រីក្នុងជួរដ្ឋាភិបាលមួយចំនួនដែលបានបង្ហោះសារលើហ្វេសប៊ុក និងអ្នកផ្ញើសារមកសម្ដេច ក្នុងគោលបំណងឲ្យដកតំណែងអភិបាលខេត្តកែប នោះផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា ការរលំបាក់អគារនេះ វាមិនមែនមានតែនៅកម្ពុជានោះឡើយ នៅបណ្ដាប្រទេសជាច្រើនក៏មានដែរ តែមិនដែលឃើញមានការដកតំណែងអភិបាលខេត្ត ឬក្រុងរបស់ប្រទេសទាំងនោះទេ។ សម្តេច បន្តថា កំហុសធំ គឺដោយសារតែការសាងសង់ខុសបច្ចេកទេសរបស់មេការសំណង់ ប៉ុន្ដែទោះជាយ៉ាងណា មេការសំណង់ និងកូនរបស់គាត់ ក៏បានបាត់បង់ជីវិតក្នុងហេតុការណ៍នេះដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានឧបទ្ទវហេតុនេះដែរ ថា «បឋមវិភាគលើបច្ចេកទេសបានបង្ហាញថា ទីមួយ សរសៃដែកតូចជាងស្តង់ដារ; ទីពីរ ក្តារពុម្ព ដកមុនពេលកំណត់ ប្រហាក់ប្រហែលតែជាងដប់ថ្ងៃ! តែយ៉ាងណាក្តី មេការសំណង់ និងកូនប្រុសរបស់គាត់ បានស្លាប់ក្នុងកម្ទេចសំណង់»នោះដែរើ។

សូមជម្រាបថា ក្រោយពីបានបិទបញ្ចប់ការរុករកក្រុមរុករកបានរកឃើញ អ្នករងគ្រោះក្នុងឧបទ្ទវេហេតុនេះ ចំនួន ៥៩នាក់ ក្នុងនោះ អ្នកស្លាប់មានចំនួន ៣៦ នាក់អ្នកដែលរស់រានមានជីវិតចំនួន ២៣នាក់។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន គឺសម្រាប់អ្នកដែលរងរបួស ទទួលបាន ១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សម្រាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព។
គិតមកទល់នឹងម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ ខែមករា ម្សិលមិញនេះ រដ្ឋាភិបាលបានទទួលថវិកាឧបត្ថម្ភពីសប្បុរសជនបានចំនួនជិត ២លានដុល្លាអាមេរិក ហើយសម្រាប់ជួយដល់ជនរងគ្រោះ៕ ( រូបឯកសារ)