ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវប្តូរឈ្មោះទៅជា«ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2020 ក+ ក-

ភ្នំពេញ ÷ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជា «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ ការបន្ថែមវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ នៅពេលនេះ គឺនឹងប្រមូលផ្តុំអ្នកជំនាញដែលបានបញ្ចប់ការសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យកមកជួយអភិវឌ្ឍប្រទេសជាតិ ដើរឲ្យទាន់សម័យឧស្សាហកម្ម ៤.០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជា «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៣ ក្រោយបោះឆ្នោតអាណត្តិទី៥ ដោយបំបែកចេញពីក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល។ ឯ.ឧ ចម ប្រសិទ្ធ កាលនោះ ជារដ្ឋមន្ត្រីពាណិជ្ជកម្ម ត្រូវប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងថ្មីមួយនេះ និងរក្សាទុក ឯ.ឧ ស៊ុយ សែម នៅជារដ្ឋមន្ត្រីរ៉ែ និងថាមពលដដែល។

បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ទន្ទឹមនឹងការយល់ព្រមឱ្យប្តូរឈ្មោះក្រសួងហើយនោះ រាជរដ្ឋាភិបាល ក៏យល់ព្រមឱ្យធ្វើវិសោធនកម្មច្បាប់ទាំងឡាយ និងឯកសារគតិយុត្តផ្សេងៗ ដែលមានការពាក់ព័ន្ធដល់រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងដែលប្តូរឈ្មោះថ្មីនេះផងដែរ។ រាជរដ្ឋាភិបាល ឯកភាពឱ្យបង្កើតអង្គភាពថ្មីពីរទៀត គឺអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានថ្នាក់ស្មើអគ្គនាយកដ្ឋាន។ ការបង្កើតអង្គភាពទាំងពីរនេះ គឺពុំមានការតម្រូវឱ្យបន្ថែមនូវក្របខណ្ឌរដ្ឋនោះទេ ពោលគឺប្រើប្រាស់ក្របខណ្ឌទាំងឡាយដែលកំពុងមាន ហើយពាក់ព័ន្ធដល់ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យមានកិច្ចប្រជុំអន្តរក្រសួង ជាមួយបណ្តាក្រសួងពាក់ព័ន្ធជុំវិញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរចនាសម្ព័ន្ធ អង្គការលេខ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ត្រី។

រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យបើកទូលាយឱ្យមានឥស្សរជនសំខាន់ៗ បញ្ញាវន្ត ដែលមានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាគំនិតផ្តួចផ្តើមទាំងឡាយ ដែលមានលក្ខណៈនវានុវត្តន៍ និងមន្ត្រីផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ចូលមកបម្រើការ ឬផ្ទេរក្របខណ្ឌមន្ត្រីមានបំណងស្ម័គ្រចិត្ត ពីបណ្តាក្រសួងនានា ដែលពាក់ព័ន្ធការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា មកបម្រើការងារក្នុងអង្គភាពថ្មីទាំងពីរដែលនឹងត្រូវបង្កើតឡើងនេះ។

រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យផ្តល់ការងារយកចិត្តទុកដាក់ គាំទ្រ និងបង្កលទ្ធភាពទៅតាមសភាពជាក់ស្តែងនៃតម្រូវការរបស់អង្គភាពទាំងពីរថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីបណ្តាស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា ឱ្យទទួលបានប្រសិទ្ធភាព និងទូលំទូលាយក្នុងប្រយោជន៍ជំរុញឱ្យវិស័យវិទ្យាសាស្ត្រមានការរីកចម្រើន និងផ្ទេរបច្ចេកវិទ្យាស្របតាមបរិបថនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។

រាជរដ្ឋាភិបាល ក៏ចាត់ឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ឆ្លងរដ្ឋសភា និងព្រឹទ្ធសភា និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។ ក្រោយពេលរៀបចំរួរាល់ ត្រូវដាក់ឆ្លងគណៈរដ្ឋមន្ត្រីទាំងពីរតែម្តង៕