កម្ពុជាក្លាយជាវេទិកាសំខាន់ក្នុងតំបន់ និងអន្តរជាតិក្នុងរបកគំហើញថ្មីពីវិធីសាស្ត្ររៀន និងការបង្រៀនភាសាអង់គ្លេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2020 ក+ ក-

ភ្នំពេញ ៖ សិក្ខាសាលាស្តីពីការបង្រៀនភាសាអង់គ្លេស CamTESOL ប្រចាំឆ្នាំ លើកទី១៦ បានទទួលស្វាគមន៍អ្នកចូលរួមប្រមាណជាង១៦០០នាក់ មកពី៣១ប្រទេសមកកាន់រាជធានីភ្នំពេញ ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាវេទិកាដ៏សំខាន់ ក្នុងតំបន់ និងអន្តរជាតិ ក្នុងការចែក រំលែក របកគំហើញថ្មីៗនិងវិធីសាស្ត្រក្នុងការស្រាវជ្រាវ ការរៀន និងការបង្រៀនភាសាអង់គ្លេស។

CamTESOLដែលត្រូវបានរៀបចំដោយស្ថាប័ន IDP Education ដែលជាស្ថាប័នឈានមុខលើពិភពលោក ក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅបរទេស មានធ្វើបទបង្ហាញ ជាង៥០០ ដោយអ្នកជំនាញ ក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេសជាង៤០០នាក់ ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសនានាលើសកលលោក។ CamTESOL ប្រចាំឆ្នាំនេះ ត្រូវបានប្រារព្ធឡើង ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លើប្រធានបទ “ការបង្រៀនភាសាអង់គ្លេស ក្នុងសតវត្សន៍ទី២១:  វិធីសាស្ត្រសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព”។ CamTESOL បានក្លាយជាវេទិកាដ៏សំខាន់មួយ ក្នុងការចែករំលែកចំណេះដឹងអំពី ការបង្រៀនភាសាអង់គ្លេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា”ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលអ្នកចូលរួមទាំងអស់បានចែករំលែកវិធីសាស្ត្របង្រៀនភាសា អង់គ្លេសអោយមានប្រសិទ្ធិភាព។ គ្រូបង្រៀនមាននាទីដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ”។

លោក Pablo Kang បានរៀបរាប់ពីមុខងារនៃគ្រូបង្រៀនភាសាអង់គ្លេសក្នុងការអភិវឌ្ឍថា “គ្រូបង្រៀនមាននាទីសំខាន់ក្នុងការអប់រំភាសាអង់គ្លេសដល់សិស្សជំនាន់ក្រោយ ព្រោះវាគឺជាជំនាញដ៏មានសារៈប្រយោជន៍”។

លោកជំទាវ Tina Redshaw បានថ្លែងថា “គ្រូបង្រៀនក្នុងប្រទេសកម្ពុជាប្រហែលជាមិនមានឳកាសច្រើនក្នុងការធ្វើដំណើរទៅចូលរួមសិក្ខាសាលាធំៗនៅប្រទេសផ្សេងៗ ដូច្នេះការដែល CamTESOL នាំអ្នកចូលរួមមកកាន់ប្រទេសកម្ពុជាគឺជាគំនិតដ៏អស្ចារ្យមួយ”។

គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលា ក៏មានការតាំងពិព័រណ៍ ដែលចូលរួមដាក់បង្ហាញ   សម្ភារៈនិងសេវាកម្មទាក់ទងនឹងការបង្រៀនភាសាអង់គ្លេស ដោយស្ថាប័នជាតិ និង អន្តរជាតិមួយចំនួនដូចជា Cambridge English Assessment, Oxford University Press, National Geography Learning និង Macmillan Publishers។

ក្នុងចំណោមអ្នកចូលរួមទាំង១៧០០នាក់ មានគ្រូបង្រៀន និងអ្នកអប់រំភាសាអង់គ្លេសជនជាតិកម្ពុជា ប្រមាណជាង១០០០នាក់ ដែលភាគច្រើនជាគ្រូបង្រៀនមកពីតាមបណ្តាខេត្ត។

សិក្ខាសាលា ក៏មាននូវបទបង្ហាញ និងវេទិកាពិភាក្សាពិសេសដោយអ្នកជំនាញ ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស នូវែលហ្សេឡង់ និងសាំងហ្កាពួរ។

លោក ម៉ៅ ស្រេង បានថ្លែងថា “CamTESOL មានភាពសោមនស្សរីករាយណាស់ ដែលទទួលបាននូវការគាំទ្រ និងការចូលរួមពីសំណាក់អ្នកអប់រំ និងស្ថាប័នជាច្រើន ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើឱ្យកម្ពុជា ក្លាយទៅជាវេទិកាដ៏សំខាន់ក្នុងតំបន់ និងឆាកអន្តរជាតិ ក្នុងការចែករំលែករបកគំហើញថ្មីៗ និង វិធីសាស្ត្រក្នុងការស្រាវជ្រាវ ការរៀន និងការបង្រៀនភាសាអង់គ្លេស”។

សូមបញ្ជាក់ផងដែរថា CamTESOL ទទួលបានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូត អូស្ត្រាលី ស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស និងស្ថាប័ននានា ព្រមទាំងបុគ្គលដែលពាក់ព័ន្ធនៅក្នុងវិស័យបង្រៀនភាសាអង់គ្លេសក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិ។ CamTESOL ត្រូវបានទទួលស្គាល់ចំពោះមុខងារ និងការរួមចំណែក ក្នុងការរីកលូតលាស់ និងភាពល្បីល្បាញរបស់សិក្ខាសាលា ព្រមទាំងការរីកចំរើននៃស្តង់ដារការបង្រៀន និងការរៀនភាសាអង់គ្លេសផងដែរ៕