កម្ពុជានិង UNHCR រួមគ្នាដោយជោគជ័យក្នុងកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2020 ក+ ក-

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Gluseppe De Vincentiis អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំតំបន់ ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការនូវការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR និងជាពិសេសរវាងក្រសួងមហាផ្ទៃ និងUNHCR ក្នុងការងារជួយគាំទ្រកិច្ចគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាទេ ក៏យើងមិនអាចសម្រចនូវលទ្ធផលល្អដូចសព្វថ្ងៃនេះដែរ។ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ ហេតុដូច្នេះហើយ កម្ពុជាមានភារកិច្ចក្នុងការត្រួតពិនិត្យរាល់ជនទាំងឡាយណាដែលទទួលរងការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាព ក៏ដូចជាក្រោមហេតុផលនយោបាយ ឬជនដែលរត់គេចពីសង្គ្រាមដែលស្ថិតក្រោមលក្ខណ្ឌផ្សេងៗដូចមានចែងក្នុងអនុសញ្ញាឆ្នាំ១៩៥១។

សម្ដេចក្រឡាហោម ស ខេង បន្តថាជាទូទៅកម្ពុជាតែងតែអនុវត្តយ៉ាងល្អប្រសើរដោយមានកិច្ចសហប្រតិបត្តិការជាមួយUNHCRលើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។

មានប្រសាសន៍ជម្រាបជូនសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ លោក Giusepe De Vincentis អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ប្រចាំតំបន់ បានសម្ដែងក្ដីរីករាយចំពោះការទទួលភារកិច្ចជាតំណាង UNHCR នៅក្នុងអាណត្តិនេះ និងបានសម្ដែងក្ដីរំភើបរីករាយដែលបានវិលមកបំពេញការងារនៅប្រទេសកម្ពុជាជាថ្មីទៀត បន្ទាប់ពីធ្លាប់បានមកធ្វើការម្ដងរួចមកហើយកាលពីឆ្នាំ១៩៩១។

លោកបានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជាដែលនៅក្នុងតំបន់អាស៊ាន មិនមានប្រទេសច្រើនទេ ជារដ្ឋហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន ប៉ុន្តែកម្ពុជាគឺជាប្រទេសមួយនៃរដ្ឋហត្ថលេខី
ដោយឯកឧត្តមសម្ដែងការគោពនិងប្ដេជ្ញាបន្តជួយផ្ដល់ការគាំទ្រ និងចែករំលែកបទពិសោធន៍ផ្សេងៗជាមួយក្រសួងមហាផ្ទៃ និងអង្គភាពជំនាញរបស់ក្រសួង ដើម្បីឱ្យការងារនេះកាន់តែទទួលបានជោគជ័យ
ជាពិសេសការកសាងសមត្ថភាពមន្ត្រី និងការងារផ្សេងទៀតដែលក្រសួងមានតម្រូវការចាំបាច់ក្នុងការស្នើសុំ UNHCR ជួយ។
អ្នកតំណាងរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ក៏បានថ្លែងនូវការស្វាគមន៍ចំពោះវឌ្ឍនភាពកម្ពុជាក្នុងការងាររៀបចំប្រព័ន្ធអត្រានុកូលដ្ឋាន ដែលឯកឧត្តមចាត់ទុកថាជាកិច្ចការមួយដ៏មានសារៈសំខាន់ និងជាការរួមចំណែកដល់ចុះបញ្ជីតាមដានចំនួនជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន។
ជាថ្មីម្ដងទៀតលោកបានបង្ហាញការស្វាគមន៍ និងរីករាកក្នុងការជួយក្រសួងមហាផ្ទៃលើការងារពាក់ព័ន្ធនឹងការអនុវត្តភារកិច្ចគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោននេះតាមស្ដង់ដាអន្តរជាតិ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តម អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCRនិងសូមគាំទ្រ ព្រមទាំងយល់ស្របនូវការលើកឡើងដែលថាកម្ពុជាជាប្រទេសមួយក្នុងចំណោមរដ្ឋតិចតួចក្នុងតំបន់អាស៊ាន ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីសិទ្ធិជនភៀសខ្លួន១៩៥១។ ទន្ទឹមនោះសម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមបង្កើតឱ្យមានការគាំទ្រការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីឱ្យបំពេញការងារមានវិជ្ជាជីវៈច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព។

ក្នុងជំនួបនោះដែរ លោកតំណាងថ្មីនៃ UNHCR បានជម្រាបសម្ដេចក្រឡាហោម ថា បញ្ហាជនភៀសខ្លួននៅក្នុងបរិបទបច្ចុប្បន្ននេះកាន់តែមានភាពស្មុគស្មាញ ដោយតួលេខចុងក្រោយមានប្រមាណ៧០លាននាក់លើពីភពលោក ហើយមូលហេតុគឺដោយសារកត្តាសង្គ្រាម សេដ្ឋកិច្ច និងបញ្ហាផ្សេងទៀត ដោយបញ្ហាអស់ទាំងនេះUNHCRកំពុងខិតខំដោះស្រាយ ហើយថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លោករីករាយ និងផ្ដល់ការគាំទ្រឱ្យបានសមស្របទៅតាមស្តង់ដាអន្តរជាតិនៃបរិបទពិភពលោកបច្ចុប្បន្ន៕