កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ផ្តោតលើការថែទាំ និងកិច្ចការពារការវិនិយោគ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2020 ក+ ក-

ភ្នំពេញ ៖ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលមានលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងខាងភាគីកម្ពុជា និង លោក ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងខាងភាគីជប៉ុន បានដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ហើយតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា កិច្ចប្រជុំ ទ្វេភាគីមួយនេះ គឺជាផ្នែកមួយនៃយន្តការដើម្បីថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងតាំងតែពីឆ្នាំ ២០០៩មកម្ល៉េះ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ កាលពីខែមិថុនា ឆ្នាំ២០០៧។

តាមសេចក្តីថ្លែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ឆ្លងកាត់កិច្ចប្រជុំចំនួន១៨លើក កន្លងទៅនេះ បញ្ហាប្រឈមមួយចំនួនដែលអ្នកវិិយោគបានលើកឡើង ត្រូវបានភាគីរាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ជូននូវដំណោះស្រាយដ៏សមស្របជាបន្តបន្ទាប់ ដែលបានញ៉ាំងឱ្យមានការបណ្តាក់ទុនវិនិ យោគបន្ថែមនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែកសម្រាប់កិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នាពេលនេះត្រូវ ផ្តោតការពិភាក្សាលើចំណុចអាទិភាពមួយចំនួនទាក់ទងទៅនឹងបរិយាកាសវិនិយោគនៅកម្ពុជារួមមាន៖ ១.វឌ្ឍនភាពនៃការត្រៀមបើកច្រកទ្វារអន្តរជាតិស្ទឹងបត់, ២.ពន្ធអប្បបរមា, ៣.ការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ និងទី៤.តម្លៃ និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។

ឆ្លៀតយកឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអរគុណចំពោះក្រុមអ្នកវិនិយោគជប៉ុនដែលបានផ្តល់នូវ ទំនុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ក៏បានសរសើរចំពោះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់របស់កម្ពុជា ដែលបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះ កង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន ជាពិសេស អគ្គនាយកដ្ឋានពន្ធដារដែលបានដោះស្រាយ បញ្ហាពន្ធមួយចំនួនធំ។

គួររំព្ញកថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាត គម្រោងវិនិយោគជប៉ុនចំនួន ១៤៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២៧៨៥ លានដុល្លារអាមេ រិក៕