កម្មករសំណង់ឈ្លោះគ្នារឿងមាន់ជុះអាចម៍ដាក់កន្លែងដេកក្លាយជាឃាតកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ នគរបាលនៃអធិការស្រុកម៉ាឡៃ បានតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជាឃាតករភ្លាមៗ បន្ទាប់ពីចាក់សម្លាប់កម្មករសំណង់ដូចគ្នាក្នុងរឿងមាន់ជុះអាចម៍ដាក់កន្លែងដេក កាលពីព្រលប់ថ្ងៃទី ១២ខែកុម្ភៈឆ្នាំ២០២០ ក្នុងភូមិអូរសំព័រឃុំអូរសំព័រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថាបន្ទាប់ពីមានករណីឃាតកម្មខាងលើសមត្ថកិច្ចរបស់លោកបានចុះទៅដល់កន្លែងកើតហេតុនិងបានសង្គ្រោះជនរងគ្រោះឈ្មោះរតនាភេទប្រុសអាយុ៣៣ មានទីលំនៅ ឃុំបន្ទាយនាងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបានមកធ្វើកម្មករសំណង់ធ្វើផ្ទះនិងស្នាក់នៅផ្ទះឈ្មោះ យុកសារ៉េត ភេទ ស្រីអាយុ 58 ឆ្នាំនៅភូមិអូរសំព័រឃុំអូរសំព័រស្រុកម៉ាឡៃក៏បានឈ្លោះប្រកែកគ្នា រឿងមាន់ជុះអាចម៍ដាក់កន្លែងដេកគ្នាចុះឡើងក៏ឈ្មោះខួច ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅភូមិបន្ទាយជ័យឃុំបន្ទាយជ័យស្រុកចំការលើខេត្តកំពង់ចាមបានមកស្នាក់នៅជាកម្មករសំណង់ដូចគ្នានៅនឹងជាមួយនឹងជនរងគ្រោះ បានយកកាំបិតបត់ស្ទុះចាក់ទៅលើឈ្មោះ រតនា ចំទ្រូងក្រោមដោះឆ្វេងលិចមួយក៏បិត បណ្ដាលអោយចុកឈាមរហូតស្លាប់នៅពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកស្រុកម៉ាឡៃ នៅវេលាម៉ោង ៦ និង៥០នាទី ព្រលប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រោយកើតហេតុភ្លាមៗជនសង្ស័យឈ្មោះ អូន ខួចបានរត់គេចខ្លួនមួយយប់ទៅពួនសំងំនៅគុម្ពឬស្សីជាប់ព្រំដែនកម្ពុជាថៃក្នុងឃុំអូរសំព័រ ដើម្បីបម្រុងគេចខ្លួនទៅប្រទេសថៃតែត្រូវបាននគរបាលស្រុកសហការជាមួយនគរបាលការពារព្រំដែនគោកតាមសា្រវជ្រាវចាប់មកវិញនៅវេលាម៉ោង ៩ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃបានធ្វើការប្រគល់ជនសង្ស័យទៅខាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យយកទៅស្នងការនគរបាលខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី ៕