ឆ្កែ និងឆ្មាជាច្រើនរយក្បាលក្នុងសង្កាត់កោះដាច់ ត្រូវបានចាក់វ៉ាក់សាំង និងគ្រៀវពីគូ្រពេទ្យសត្វ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2020 ក+ ក-

ផ្នំពេញ ៖ សត្វសុនខ (សត្វឆ្កែ) និងសត្វឆ្មា ជាច្រើនរយក្បាលត្រូវបានក្រុមគ្រូពេទ្យ ផ្នែកថែរក្សា សត្វ ចុះពិនិត្យព្យាបាលជំងឺ ចាក់វ៉ាកសាំង និងគ្រៀវប្រដាប់បន្តពូជសត្វទាំងនេះ ជូនប្រជាពល រដ្ឋ នៅក្នុងភូមិ ក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនគិតថ្លៃ។

លោកស្រីវេជ្ជបណ្ឌិត ខាត់ធើរីន ប៉ូឡាក់ (Katherine Polak) ប្រធានផ្នែកថែរក្សាសត្វ អនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ four Paws International បានឲ្យដឹងថា មូល ហេតុ ដែលអង្គការរបស់លោកស្រី សហការជាមួយ អង្គការសង្គ្រោះសត្វកម្ពុជា ចុះមក ចាក់វ៉ាក់សាំង គ្រៀវសត្វសុនខ និងឆ្មា នៅទីនេះ ដោយសារតែមើលឃើញថា អ្នកស្រុក កោះដាច់ ស្រលាញ់និងចិញ្ចឹមសត្វជាច្រើន ហើយក៏មានស្នើរសុំពីប្រជាពលរដ្ឋ ដើម្បីឱ្យ ជួយសង្គ្រោះសត្វដូចជា ការគ្រៀវ ចាក់វ៉ាក់សាំងនិងព្យាបាលជំងឺផងដែរ។ ក្នុងរយៈពេល ៨ថ្ងៃ គឺធ្វើការជាមួយសត្វចឹញ្ចឹម និងសត្វដែលគ្មានអ្នកចិញ្ចឹម ដោយមិនគិតថ្លៃ លើការ ព្យាបាល ចាក់វ៉ាក់សាំង និងគ្រៀវ ជាពិសេសសត្វនៅតាមវត្តនានា ដែលមិនមានអ្នកមើល ថែទាំបានដិតដល់។

លោកស្រីរំពឹងថា ការចុះព្យាបាល ចាក់វ៉ាក់ សាំង និងគ្រៀវនៅក្នុងទីតាំងវត្ត សាមគ្គីក្បាល កោះ រយៈពេល៣ថ្ងៃនេះ ជួយសត្វបានប្រមាណ៥០០ក្បាល។ ព្រោះថាប្រជាពលរដ្ឋស្រឡាញ់សត្វ ម៉្យាងទៀតនៅតំបន់នេះ គ្មានពេទ្យសត្វ និងសេវា ព្យាបាលសត្វនោះទេ។ លោកស្រីបញ្ជាក់ថា អត្ថប្រយោជន៍ នៃការគ្រៀវសត្វសុនខ និងឆ្មា នេះ បានជួយធ្វើឲ្យសត្វទាំងនោះរួចផុតពីជំងឺផ្សេងៗ និង មិនមានភាពកាចសាហាវ ជា ពិសេសពួកគេ មានសុខភាពល្អ មានអាយុវែង និងមានភាពស្និតស្នាលជាមួយម្ចាស់។ តាមរយៈការងារនៅថ្ងៃនេះ ក៏ជាសារមួយក្នុងការទប់ស្កាត់ការទទួលទានសាច់សត្វ សុនខ និងឆ្មា ដែលនៅតំបន់មួយចំនួននៃប្រទេសកម្ពុជា បាន និងកំពុងបរិភោគសាច់សត្វទាំង នេះ។ សម្រាប់អ្នកនៅក្នុងតំបន់កោះដាច់នេះ គេរកឃើញថា មិនមានកន្លែងលក់សាច់សត្វ ទាំងនេះទេ។

ចំណែក លោក នីម ដូល្លា ជាគ្រូពេទ្យសត្វ នៅអង្គការសង្គ្រោះសត្វកម្ពុជា បានលើកឡើង ថា អង្គការលោក បានចុះចាក់វ៉ាក់សាំង និងគ្រៀវសត្វដោយមិនគិតប្រាក់ ក្នុងរយៈពេល៣ ថ្ងៃនៅទីនេះ បន្ទាប់ពីនេះនឹងបន្តទៅវត្តមួយទៀត នៅត្រើយខាងលិច៣ថ្ងៃទៀត ដូចនេះ សូមប្រជាពលរដ្ឋ រុះរាន់យកសត្វជាទីស្រលាញ់របស់ខ្លួន មកទទួលការព្យាបាល ពិនិត្យ និងក្រៀវឱ្យបានគ្រប់គ្នា ដើម្បីពួកគេអាចរស់នៅជាមួយយើងបានយូរឆ្នាំ និងមិនបង្កបញ្ហា ដល់មនុស្ស។

លោកបានឲ្យដឹងថា ចាប់តាំងពីបង្កើត អង្គរការមក ភាគច្រើន នៃជំងឺលើសត្វ ដែលបាន មក ទទួលការព្យាបាលនៅតាមវត្តក្នុងរាជធានីភ្នំពេញ គឺជំងឺ លើស្បែក ជំជឺរាគ (ប៉ាវូ) ជំងឺ ដុំគីស ដុះលើប្រដាប់ភេទនិងជំងឺឆ្កែឆ្កួតជាដើម។

លោក នីម ដូល្លា បានបញ្ជាក់ថា រាល់ការគ្រៀវសត្វ ស្ទើរតែ១០០ភាគរយទទួលបានជោគ ជ័យ យើងមានវេជ្ជបណ្ឌិតមកពីអាមេរិក អ៊ុយក្រែន ម៉ិចស៊ិកូ និងវេជ្ជបណ្ឌិតខ្មែរ មាន ជំនាញច្បាស់លាស់ មុននឹងគ្រៀវសត្វទាំងនោះ គឺបានពិនិត្យនូវចង្វាក់បេះដូងយ៉ាង ត្រឹម ត្រូវ ហើយបើសិនសត្វណាមួយមានបញ្ហាឈឺបេះដូង យើងមិនធ្វើការវះកាត់នោះទេ។ លោកគ្រូពេទ្យសត្វរូបនេះ បានអំពាវនាវឱ្យពលរដ្ឋខ្មែរ ទុកសត្វទាំងនេះជាសមាជិកមួយ ក្នុង គ្រួសារ មិនមែនចឹញ្ចឹម ទុកសម្រាប់បរិភោគនោះទេ។

លោក ថេត ប៊ុនធឿន ជាប្រជាពលរដ្ឋដែលបានយកសត្វមកទទួការព្យាបាល និងគ្រៀវ នៅទីនោះ បានសម្តែងនូវការត្រេកអរដែលអង្គការទាំងនេះ បានចុះមកជួយព្យាបាលជំងឺ និងគ្រៀវសត្វជូនពួកគាត់ក្នុងតំបន់នេះ កន្លងមកមិនដែលមានសេវាដូចនេះឡើយ៕