កូរ៉េខាងត្បូង ៖ ចំនួន​អ្នក​ឆ្លង COVID-19 កើន​ដល់​១,១៤៦នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2020 ក+ ក-

​សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េខាងត្បូង​បានប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​មេរោគ COVID-19 កើនឡើង​ដល់​១,១៤៦ ករណី ក្នុងនោះ​អ្នកជំងឺ​១១​នាក់​បាន​បាត់​បង់ជីវិត។ ​នេះ​បើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។​

​ការកើនឡើង​នេះ​បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​ចេញ​នូវ​អ្នកធ្វើ​តេស្ត​រកឃើញ​លទ្ធ​ផល «​វិជ្ជមាន​» នៃ​មេរោគ COVID-19 ចំនួន១៦៩​នាក់​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ បច្ចុប្បន្ន​ទីតាំង​ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង កំពុងតែ​ផ្តោត​ការយកចិត្ត​ទុក​ខ្លាំង​បំផុត​នោះ គឺ​ទីក្រុង​ដេ​គូ (Daegu) និង​ស្រុក​ឆុង​ទូ (Cheongdu) ដែល​នៅ​ស្ថិតនៅ​ជាប់​គ្នា និង​ជា​កន្លែង​រ៉ាប់រង​ចំនួន​អ្នក​ឆ្លង COVID-19 ទូទាំងប្រទេស​រហូតដល់​ទៅជិត ៨០%​ឯណោះ​។​

​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ក៏​កំពុងតែ​កសាង​មណ្ឌល​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ឆ្លង COVID-19 បន្ថែមទៀត​នៅក្នុង​ទីក្រុង Daegu ផងដែរ ខណៈ​ការប្រកាសអាសន្ន​គឺ​ស្ថិតក្នុង​កម្រិត​ពណ៌​ក្រហម ដែលជា​កម្រិត​ខ្ពស់បំផុត​។

​ទីក្រុង Daegu គឺជា​ទីក្រុង​ធំ​បំផុត​លំដាប់​លេខ៤ នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ប្រជាជន​រស់នៅ​សរុប​ជាង ២.៥​លាន​នាក់​។ ក្នុងចំណោម​ករណី​ឆ្លង​ទាំងអស់ គឺមាន​ជាង ៨០០​ករណី​ស្ថិតនៅក្នុង​ទីក្រុង​ភាគ​អាគ្នេយ៍​ប្រទេសមួយ​នេះ​។

បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា ជាងពាក់កណ្តាលនៃករណីឆ្លងវីរុសកូរ៉ណា ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមអ្នកកាន់សាសនាគ្រឹស្តមួយ ហើយក្រុមអ្នករិះគន់បាននិយាយថា ភាពសំងាត់របស់ក្រុមនេះ បានធ្វើឲ្យគេមិនអាចការពារពីវីរុសខាងលើបាន។

ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញថា ក្រុមអ្នកកាន់សាសនាគ្រឹស្ត Shincheonji ទំនងជាអ្នកបង្កឲ្យផ្ទុះឡើង នូវការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេស។ សមាជិករបស់ពួកគេ ដែលនៅភាគអាគ្នេយ៍នៃទីក្រុង Daegu ទំនងជាចម្លងវីរុសនេះពីម្នាក់ទៅម្នាក់ ហើយក៏បន្តរីកសាយភាយពាសពេញប្រទេសតែម្តង។

មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ជឿជាក់ថា សមាជិកវ័យ ៦១ឆ្នាំម្នាក់នៃក្រុមអ្នកកាន់សាសនាគ្រឹស្តខាងលើ ដែលបានធ្វើតេស្តរកឃើញថា មានវីរុសកូរ៉ូណាកាលពីសប្តាហ៍មុន គឺស្ថិតក្នុងចំណោមអ្នកដំបូងគេបង្អស់ដែលឆ្លងវីរុសនេះ។

សូមជម្រាបថា ស្រ្តីជាអ្នកជំងឺខាងលើ បានបដិសេធមិនព្រមឲ្យគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើតេស្តឡើយ ហើយបានចូលរួមជួបជុំគ្នានៅក្នុងវិហារគ្រឹស្តជាច្រើន មុនពេលធ្វើតេស្តរកឃើញថា មានវីរុសកូរ៉ូណា៕