កូរ៉េខាងត្បូង ៖ ចំនួន​អ្នក​ឆ្លង COVID-19 កើន​ដល់​១.៥៩៥ ករណី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2020 ក+ ក-

សេ​អ៊ូ​ល ៖ ប្រទេស​កូរ៉េខាងត្បូង​បានប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​មេរោគ COVID-19 កើនឡើង​ដល់​១,៥៩៥ ករណី ក្នុងនោះ​អ្នកជំងឺ​១២​នាក់​បាន​បាត់​បង់ជីវិត។​ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​។​

​ការកើនឡើង​នេះ​បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​ចេញ​នូវ​អ្នកធ្វើ​តេស្ត​រកឃើញ​លទ្ធ​ផល «​វិជ្ជមាន​» នៃ​មេរោគ COVID-19 ចំនួន ៣៣៤​នាក់​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​តែម្តង​។ បច្ចុប្បន្ន​ទីតាំង​ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង កំពុងតែ​ផ្តោត​ការយកចិត្ត​ទុក​ខ្លាំង​បំផុត​នោះ គឺ​ទីក្រុង​ដេ​គូ (Daegu) និង​ស្រុក​ឆុង​ទូ (Cheongdu) ដែល​នៅ​ស្ថិតនៅ​ជាប់​គ្នា និង​ជា​កន្លែង​រ៉ាប់រង​ចំនួន​អ្នក​ឆ្លង COVID-19 ទូទាំងប្រទេស​រហូតដល់​ទៅជិត ៨០%​ឯណោះ​។​

​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ក៏​កំពុងតែ​កសាង​មណ្ឌល​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ឆ្លង COVID-19 បន្ថែមទៀត​នៅក្នុង​ទីក្រុង Daegu ផងដែរ ខណៈ​ការប្រកាសអាសន្ន​គឺ​ស្ថិតក្នុង​កម្រិត​ពណ៌​ក្រហម ដែលជា​កម្រិត​ខ្ពស់បំផុត​។​

​គួរ​បញ្ជាក់ថា ទីក្រុង Daegu គឺជា​ទីក្រុង​ធំ​បំផុត​លំដាប់​លេខ ៤ នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ប្រជាជន​រស់នៅ​សរុប​ជាង ២.៥​លាន​នាក់​។ ក្នុងចំណោម​ករណី​ឆ្លង​ទាំងអស់ គឺមាន​ជាង ៨០០​ករណី​ស្ថិតនៅក្នុង​ទីក្រុង​ភាគ​អាគ្នេយ៍​ប្រទេសមួយ​នេះ​៕