ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅចិនកើនដល់២,៧៨៨នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2020 ក+ ក-

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០បានឲ្យដឹងថា មនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៧៨៨នាក់ និងអ្នកដែលបានឆ្លងជំងឺនេះសរុបកើនដល់ ៧៨,៨២៤ករណី។

របាយការណ៍ប្រចាំថ្ងៃដោយអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សសរុប ៣២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៤៤នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន៣១ ទូទាំងប្រទេសចិន។

របាយការណ៍ដដែលបន្តទៀតថា ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលបានស្លាប់ទាំង ៤៤នាក់ខាងលើនេះគឺមាន ៤១នាក់ស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី (Hubei), ០២នាក់នៅរដ្ឋធានីប៉េកាំង និងម្នាក់នៅហ្ស៊ីនជាំង។ ក្រៅពីមនុស្សឆ្លង និងបាត់បង់ជីវិតបន្ថែមទៀតនោះ អាជ្ញាធរសុខាភិបាលចិន ក៏កំពុងពិនិត្យសុខភាពមនុស្ស ៤៥២នាក់បន្ថែមទៀតផងដែរ ដោយសង្ស័យថាពួកគេអាចមានផ្ទុក COVID-19៕