អាមេរិកប្រកាសអាសន្ន ក្រោយមានអ្នកស្លាប់៤នាក់ថែមទៀតដោយសារ Covid-19 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2020 ក+ ក-

អាមេរិក ៖ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនានេះបានឲ្យដឹងថា មនុស្ស៤នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងរដ្ឋ Washington សហរដ្ឋអាមេរិកធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនដល់៦នាក់ហើយ។

ជនរងគ្រោះទាំងអស់ខាងលើ គឺស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលស្លាប់ដោយសារវីរុសកូរ៉ូណា នៅលើទឹកដីសហរដ្ឋអាមេរិក។ ទន្ទឹមនោះ Washington ក៏បានប្រកាសអាសន្នផងដែរ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

សូមជម្រាបថា មកទល់ពេលនេះមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៨ករណីមកហើយ នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈគេកំពុងភ័យខ្លាចថានឹងរាលដាលរឹតតែខ្លាំងទៀត។ ក្រុមអ្នកស្រាវជ្រាវដែលបានសិក្សាលើករណីស្លាប់នៃជនរងគ្រោះ២នាក់ដំបូង នៅក្នុងរដ្ឋ Washington បានឲ្យដឹងថា វីរុសប្រហែលជាបានរីករាលដាលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយនៅទីនោះ ហើយបង្ហើបថា មនុស្សរហូតដល់១៥០០នាក់ ប្រហែលបានឆ្លងវីរុសនេះ៕