ចំនួនអ្នកឆ្លង COVID-19 នៅអាល្លឺម៉ង់កើនដល់ជិត២០០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2020 ក+ ក-

ប៊ែរឡាំង ៖ ក្រុមជំនាញអាល្លឺម៉ង់រកឃើញថា អ្នកមានផ្ទុកមេរោគ COVID-19 បានកើនឡើងដល់១៨៨នាក់ហើយ ដែលករណីឆ្លងភាគច្រើនគឺកើតមាននៅក្នុងរដ្ឋ ណតស៍រ៉ាញវែសផេលៀ (North-Rhine Westphalia) ជាទីដែលវីរុសកូរ៉ូណាថ្មីនេះ ផ្ទុះករណីឆ្លងដំបូង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យោងតាមវិទ្យាស្ថានគ្រប់គ្រង់ និងទប់ស្កាត់ជំងឺឆ្លងអាល្លឺម៉ង់ហៅកាត់ថា RKI បានឲ្យដឹងថា «ពេលនេះអាល្លឺម៉ង់កំពុងតែប្រឈមមុខជាមួយវីរុស ដែលបានរីករាលដាលទៅកាន់ផ្នែកជាច្រើន នៅលើសកលលោករួចទៅហើយ ដោយវាប្រហែលជាមិនងាយរលាយបាត់ទៅវិញនោះទេ។ ប្រទេសអាល្លឺម៉ង់នឹងខិតខំ ឲ្យអស់ពីសមត្ថភាពតែម្តង ដើម្បីកាត់បន្ថយអត្រាឆ្លងរាលដាល ឲ្យបានយ៉ាងហោចណាស់ក្នុងអំឡុងប៉ុន្មានសប្តាហ៍ ឬខែខាងមុខ…»។

អាជ្ញាធរអាល្លឺម៉ង់បានចាត់វិធានការ ត្រួតពិនិត្យសុខភាព ទៅលើអ្នកដំណើរដែលចូលមកកាន់ប្រទេសនេះ ជាពិសេសអ្នកដំណើរ ពីប្រទេសដែលកំពុងមាន ការឆ្លង COVID-19 ខ្លាំងក្លាជាងគេ។ មិនខុសពីប្រទេសមួយចំនួននោះឡើយ បុគ្គលិកក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល ឬក៏ថ្នាក់រៀនមួយចំនួន ត្រូវបានណែនាំឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបំពេញការងារ និងសិក្សារៀនសូត្រពីផ្ទះជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងមេរោគនេះ៕