ពលករ​ថៃ​៥ពាន់​នាក់ នៅកូរ៉េខាងត្បូង​ចង់មក​ប្រទេស​វិញ ខណៈ COVID-19 រីករាលដាលខ្លាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2020 ក+ ក-

បាងកក ៖ ក្រសួង​ការបរទេស​ថៃ បាន​ឱ្យដឹងថា ការិយាល័យ​អន្តោប្រវេសន៍​កូរ៉េខាងត្បូង បាន​ផ្តល់​ព័ត៌មាន​ថា ពលករថៃ​ប្រមាណ ៥ពាន់នាក់ បានដាក់ពាក្យស្នើសុំមកកាន់ប្រទេសកំណើតវិញ គិតចាប់ពី​ថ្ងៃទី១ ខែមីនា ឆ្នាំ​២០២០មក។ នេះបើយោងតាមសារព័ត៌មាន Bangkokpost។

យ៉ាងណាមិញ បើតាម​លោក​នាយករដ្ឋមន្រ្តី​ថៃ លោក ​ប្រាយុទ្ធ ចាន់អូចា វិញ ជឿជាក់ថា មានពលករថៃ​ប្រមាណ ១ម៉ឺននាក់​ឯណោះ​ដែល​ចង់មកប្រទេសវិញ ដើម្បីគេចផុតពី COVID-19 ខណៈវីរុសកូរ៉ូណាថ្មីនេះ​កំពុងរីករាលដាលខ្លាំង​នៅកូរ៉េ​ខាងត្បូង។ ជាមួយ​គ្នានេះ លោក​បាន​បើកកិច្ចប្រជុំបន្ទាន់​នៅថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២០នេះ ដើម្បីពិភាក្សា​រកដំណោះស្រាយ​ចំពោះ​បញ្ហានេះផងដែរ។

លោក​ប្រាយុទ្ធ ថ្លែងយ៉ាង​ដូច្នេះ​ថា៖ «បញ្ហាគឺ​របៀប​គ្រប់គ្រង​ចំនួន​មនុស្ស​ដ៏ច្រើនសម្បើម​ប្រសិន​បើពួកគេទាំងអស់ ត្រូវបាន​ដាក់ឱ្យនៅម្តុំ។ ​រដ្ឋាភិបាល​ត្រូវ​តែ​ស្វែង​រក​វិធានការ​ដ៏សមស្រប។ ខ្ញុំ​ដឹងថា ប្រជាជន​គ្មាន​ទំនុកចិត្ត និងមានភាពភ័យខ្លាច ប៉ុន្តែ​មន្រ្តីសុខភាព​សាធារណៈ និង​គ្រូពេទ្យ គឺបាន​ត្រៀម​រៀបចំ​រួចរាល់ហើយ»៕