COVID-19 ៖ ចំនួនអ្នកស្លាប់នៅអ៊ីតាលីកើនដល់៣៦៦នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2020 ក+ ក-

អ៊ីតាលី ៖ សារព័ត៌មាន BBC នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងប្រទេសអ៊ីតាលីបានកើនទៅដល់ ៣៦៦នាក់ បន្ទាប់ពីតែពេញមួយថ្ងៃប៉ុណ្ណោះស្លាប់១៣៣នាក់ ខណៈដែលអាជ្ញាធរបានដាក់បំរាមដល់ប្រជាជនរាប់លាននាក់ ក្នុងការធ្វើដំណើរទូទាំងប្រទេសអ៊ីតាលី។

រដ្ឋាភិបាលអ៊ីតាលីកាលពីថ្ងៃអាទិត្យ ទី០៨ ខែមីនា បានសម្រេចចិត្តបិទសាលសម្ដែង រោងបញ្ចាំងខ្សែភាពយន្ដ សារមន្ទីរ និងក្លឹបរាត្រីទាំងអស់នៅទូទាំងប្រទេស ជាវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ កន្លងមកសាលារៀន និងសាកលវិទ្យាល័យបានប្រកាសបិទរួចហើយ។

បើតាមលោក Conte រដ្ឋាភិបាលអ៊ីតាលី បានសម្រេចចិត្តបិទតំបន់ Lombardy ដែលមានប្រជាជន១០លាននាក់រស់នៅ និងទីក្រុង Milan លើកលែកតែច្រកចេញចូលបន្ទាន់តែប៉ុណ្ណោះ ហើយខេត្តក្បែរខាង ចំនួន១៤ ផ្សេងទៀត ដូចជា Modena, Parma, Piacenza, Reggio Emilia, Rimini, Pesaro and Urbino, Alessandria, Asti, Novara, Verbano Cusio Ossola, Vercelli, Padua, Treviso និង Venice ក៏នឹងត្រូវអនុវត្តវិធានការដូចគ្នានេះដែរ ដែលនឹងប៉ះពាល់ដល់ប្រជាជន ប្រមាណ១៦លាននាក់ នៅទូទាំង តំបន់ភាគខាងជើង នៃប្រទេសអ៊ីតាលី រហូតដល់ដើមខែមេសា ខាងមុខនេះ

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ចេញអនុក្រឹត្យមួយដោយឲ្យប្រជាជន១៦លាននាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅទូទាំង តំបន់ Lombardy និងខេត្តចំនួន១៤ផ្សេងទៀត ផងដែរ ជាការវិធានការទប់ស្កាត់ការរីករាលដាលជំងឺ COVID-19៕