ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកកើនដល់ជិត១,០០០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2020 ក+ ក-

អាមេរិក ៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានហក់ឡើងយ៉ាងលឿនដល់ ៩៥៩នាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងររហូតដល់ ២៣នាក់ហើយបានបាត់បង់ជីវិត។  នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។

បើតាមក្រុមជំនាញអាមេរិកមួយចំនួនបានលើកឡើងថា ការកើនឡើងច្រើននៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី នៅទូទាំងសហរដ្ឋអាមេរិក គឺមានជាប់ពាក់ព័ន្ធទៅនឹងកម្មវិធីពង្រីកការពិសោធន៍មួយ ធ្វើឲ្យមន្ទីរនានាដែលធ្លាប់ប្រើប្រាស់ដើម្បីធ្វើរោគវិនិច្ឆ័យភាគច្រើន ត្រូវបានផ្លាស់ប្តូរពីថ្នាក់សហព័ន្ធ មកកាន់ថ្នាក់រដ្ឋវិញ។ បន្ថែមពីនេះទៀតយុទ្ធសាស្ត្រធ្វើរោគវិនិច្ឆ័យពីមុន គឺផ្តោតលើករណីឆ្លងតិចតួចប៉ុណ្ណោះ ប៉ុន្តែពេលនេះវីរុសបានរីករាលដាលច្រើន លើសពីការកម្រិតដែលអាមេរិកអាចរកឃើញទៅហើយ។

ជុំវិញការរិះគន់នេះ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធបានធ្វើការឆ្លើយតប ទៅនឹងការរីករាលដាលនៃវីរុសខាងលើនេះ ជាមួយនិងឧបករណ៍ធ្វើតេស្តរាប់លានដែលមានរួចជាស្រេច ហើយរដ្ឋាភិបាលនឹងសហការជាមួយ ក្រុមហ៊ុនឯកជននានាបន្ថែមទៀត។

ដោយឡែកបើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិកហៅកាត់ថា CDC បានអះអាងថា មនុស្សប្រមាណ ៨,៥៥៤នាក់រួចទៅហើយត្រូវបានធ្វើតេស្ត នៅទូទាំងសហរដ្ឋអាមេរិក ដើម្បីរកវីរុស៕