មេ WHO ប្រកាសចាត់ទុក COVID-19 ជា “ជំងឺរាតត្បាតសកល “
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2020 ក+ ក-

ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) កាលពីយប់ថ្ងៃពុធ បានប្រកាសចាត់ទុក COVID-19 ជាជំងឺថ្មីកំពុងរាតត្បាតជាសកល ខណៈប្រទេសជាង១២០ហើយ សុទ្ធតែបានរាយការណ៍អំពីករណីឆ្លង បន្ទាប់ពីវាបានផ្ទុះឡើងកាលពីខែធ្នូឆ្នាំមុន។

លោក Tedros បានអះអាងថា COVID-19 ជាជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី COVID-19 បានផ្តាច់ជីវិតមនុស្សសរុបជាង៤,៣០០នាក់ និងឆ្លងជាង១២១,០០០ករណី ចាប់តាំងពីវាបានផ្ទុះឡើងនៅទីក្រុង វូហាន ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១០។ លោកបន្ថែមថា អ៊ីតាលី និងអ៊ីរ៉ង់ ឥឡូវនេះកំពុងស្ថិតនៅជួរមុខនៃជំងឺ ហើយប្រទេសផ្សេងទៀតនឹងចូលរួមជាមួយពួកគេក្នុងពេលឆាប់ៗនេះ។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងកម្រិតនៃការរីករាលដាល និងភាពធ្ងន់ធ្ងរ”។ មិនតែប៉ុណ្ណោះ លោក Tedros បានទទូចដល់សហគមន៍ពិភពលោក ឲ្យខិតខំប្រឹងប្រែងឡើងវិញទ្វេដង ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ដោយនិយាយថា វិធានការដ៏ខ្លាំងក្លានៅតែអាចដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់វាបាន។

លោក Tedros បានសង្កត់ធ្ងន់ថា ពាក្យថា ជំងឺរាតត្បាត មិនមែនជាពាក្យដែលត្រូវប្រើដោយមិនយកចិត្តទុកដាក់ ឬត្រូវធ្វេសប្រហែសនោះឡើយ។ ពាក្យនេះបើយើងយកទៅប្រើខុស វាអាចបង្កឱ្យមានការភ័យខ្លាចមិនសមហេតុផលទៅវិញ…»។ មន្ត្រីអង្គការ WHO បានជំរុញឲ្យគ្រប់ប្រទេសបង្កើនសកម្មភាពទ្វេឡើង ដើម្បីទប់ទល់ការឆ្លងរាលដាលមេរោគ ដោយវិធានការយ៉ាងតឹងរ៉ឹងបំផុត៕